រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា កម្ពុជា កំពុង​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការចរចា​ពាណិជ្ជកម្ម​សេរីទ្វេ​ភាគី​ជាមួយ​នឹងដៃគូ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានអះអាងថា កម្ពុជា កំពុងខិតខំអភិវឌ្ឍន៍សមត្ថភាពក្នុងការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយនឹងដៃគូ។ ការអះអាងនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការចរចាពាណិជ្ជកម្ម ដែលរៀបចំឡើងដោយគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន ជំនួយពាណិជ្ជកម្មកម្ពុជា (ARISE+Cambodia) កាលពីសប្តាហ៍មុន។

ក្នុងសិក្ខាសាលានោះ លោក រដ្ឋលេខាធិការ បានរំលឹកពីប្រវត្តិនៃការចូលរបស់កម្ពុជា ជាសមា​ជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងបង្អស់ដែលបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។ នៅក្នុងប្រព័ន្ធពាណិជ្ជ​កម្មពហុភាគីនេះ កម្ពុជាបានបង្កើនសមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗ ហើយនៅឆ្នាំ ២០១៧ កម្ពុជា បានដើរតួជាអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបានដឹកនាំក្រុមប្រទេសនេះក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ នៅប្រទេសអាហ្សង់ទីនផងដែរ។

ទោះជាយ៉ាងនេះក្ដី លោករដ្ឋលេខាធិការ បានជម្រាបជូនពីសារៈសំខាន់ក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពក្នុងការចរចាពាណិជ្ជកម្ម ជាពិសេសក្នុងខណៈពេលដែលកម្ពុជាកំពុងតែចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយនឹងដៃគូ ដែលទាមទាឲ្យកម្ពុជាធ្វើការត្រៀមខ្លួនឲ្យបានច្បាស់លាស់ទាំងគោលដៅនយោបាយ ការវិភាគផលចំណេញនិងផលប៉ះពាល់ យុទ្ធសាស្ត្រចរចា និងសមត្ថភាពចរចារបស់មន្ត្រីចរចាផ្ទាល់ ដើម្បីទាញយកផលប្រយោជន៍ឲ្យបានពេញលេញពីការចរចា។

ក្នុងន័យនេះ លោករដ្ឋលេខាធិការ បានចាត់ទុក សិក្ខាសាលាស្តីពីការចរចារពាណិជ្ជកម្មនេះ គឺជាការអន្តរាគមន៍ទាន់ពេលវេលាមួយសម្រាប់កម្ពុជា ក្នុងការពង្រឹង និងពង្រីកសមត្ថភាពចរចារបស់ខ្លួន។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ជាផ្នែកមួយនៃគម្រោងក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ដោយមានអ្នកចូលរួមសរុបជាង ១០០នាក់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ មួយចំនួន៕

You can share this !

Loading...
អត្ថបទទាក់ទង