ក្រសួង​ពាណិជ្ជកម្ម ស្វាគមន៍​គម្រោង​ឌីជីថល​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​សម្រេច​បាន​គោលដៅ​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​នាពេលខាងមុខ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានអះអាងថា ក្រសួង ស្វាគមន៍គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្ម ដើម្បីសម្រេចបានគោលដៅបង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។

ការអះអាងនេះ បានធ្វើឡើងក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) ដែលមានការចូលរួមដោយក្រុមការងារជំនាញរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងមន្ត្រីពាក់ព័ន្ធ។                                                        

នៅក្នុងវេទិកាដែលប្រព្រឹត្តទៅកាលពីសប្តាហ៍មុន ក្រុមការងារក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនមួយក្នុងសម្ព័ន្ធរ៉ូយ៉ាល់គ្រុប បានធ្វើបទបង្ហាញស្តីពី គម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល (Digital Free Trade Zone – DFTZ) ដែលជាគម្រោងកិច្ចសម្រួលពាណិជ្ជកម្មមួយ អាចជួយគ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យដែលគ្មានក្រដាសស្នាមប្រកបដោយសុក្រឹតភាពខ្ពស់ ភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ គម្រោងនេះ ក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបានគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣។

ជាការឆ្លើយតប លោក សុខ សុភ័ក្ត្រ បានបង្ហាញការស្វាគមន៍ចំពោះគម្រោងដ៏មានសារៈប្រយោជន៍នេះ តែតម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាមុនសិន។ លោករដ្ឋលេខាធិការ ក៏បានរំលេចពីដំណើរការរបស់កម្ពុជាក្នុងការឈានទៅសម្រេចបានសេដ្ឋកិច្ចបែបឌីជីថល តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសម្រួលពាណិជ្ជកម្មដោយគ្មានក្រដាសស្នាមឆ្លងកាត់ព្រំដែននៅអាស៊ី និងប៉ាស៊ីហ្វិក កាលឆ្នាំ២០១៧ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន កាលពីឆ្នាំ២០១៩ ព្រមទាំងការដាក់ឱ្យដំណើរការគម្រោងបញ្ជរតែមួយជាតិកម្ពុជា អនុលោមតាមផែនការបញ្ជរតែមួយអាស៊ាន លនិងល។

លើសពីនេះ លោក ក៏បានលើកឡើងពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្មកម្ពុជាមួយចំនួន ពិសេសការដាក់ឱ្យដំណើរការការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការធ្វើស្វ័យប្រវត្តិកម្មក្នុងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ និងការបង្កើតច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

You can share this !

Loading...
អត្ថបទទាក់ទង