ក្រុមសកម្មជន​សិទ្ធិមនុស្ស​ប្រកាសថា មានការ​ធ្វេីទារុណកម្ម​ជាទូទៅ​ទៅលេី​អ្នកក្រុមតវ៉ា​ដែលត្រូវ​បាន​ឃុំខ្លួន​នៅបេឡារុស

បេឡារុស៖

ក្រុមសកម្មជនសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបាននិយាយថា មានភ័ស្តុតាងកាន់តែច្រេីនឡេីងដែលបង្ហាញពីភាពឃោរឃៅរបស់ប៉ូលិសប្រឆាំងនឹងពលរដ្ឋដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសបេឡារុសខណៈដែលការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅតែបន្ត។

ពលរដ្ឋមួយចំនួនក្នុងចំណោមមនុស្សប្រហែល ៦ពាន់៧រយនាក់ដែលត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃអាទិត្យមកនោះត្រូវបានដោះលែង ហេីយពួកគេបានចោទប្រកាន់ពីការប្រព្រឹត្តមិនត្រឹមត្រូវរបស់ប៉ូលិសមកលេីពួកគេក្នុងនោះរួមមានទាំងការវាយដំផង។

អង្គការលើកលែងទោសអន្តរជាតិបានប្រកាសថា មានរបាយការណ៍ដែលបង្ហាញថា «មានការធ្វើទារុណកម្មជាទូទៅទៅលេីអ្នកដែលត្រូវបានឃុំខ្លួន»។

ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបេឡារុសបានបដិសេធថា មិនមានអ្នកជាប់ឃុំត្រូវបានគេរំលោភបំពានឡេីយ។

សមាជិកព្រឹទ្ធសភាបេឡារុសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីបេឡារុសបានបញ្ជាឱ្យមានការស៊ើបអង្កេតទៅក្នុងករណីឃុំខ្លួនក្រុមបាតុករដ៏ច្រើននោះ និងបានថា មនុស្សជាង១ពាន់នាក់ហេីយត្រូវបានដោះលែង។

ការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតបានធ្វេីឡេីងអស់រយៈរយៈពេល៥ថ្ងៃហេីយ ក្នុងប្រទេសបេឡារុស ក្នុងគ្រាមានការចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតនោះ។

បន្ទាប់ពីមានការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌ័រ លូកាស៊ីនកូ (Alexander Lukashenko) ត្រូវបានអាជ្ញាធររៀបចំការបោះឆ្នោតប្រកាសថាជាអ្នកឈ្នះបេីទោះបីជាក្រុមអ្នកគាំទ្រ លោកស្រី ស្វេតឡាណា ទីខាណូវស្កាយ៉ា (Svetlana Tikhanovskaya) ដែលជាបេក្ខជនបក្សប្រឆាំងដ៏ធំជាងគេ បានទទូចថាលោកស្រីបានឈ្នះក៏ដោយ៕

You can share this !

Loading...
អត្ថបទទាក់ទង