អាជ្ញាធរ​ខេត្តកែប កំពុង​ប្រែក្លាយ​អតីត​តំបន់​សង្គ្រាម​ភ្នំវល្លិ៍ ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ និង​កសិ-ឧស្សាហកម្ម

កែប៖ ការដ្ឋានជួសជុលកំណាត់ផ្លូវខេត្ត ១៣៣៥ ចេញពីផ្លូវជាតិលេខ ៣៣អា ឆ្ពោះទៅតំបន់ភ្នំវលិ៍ ដែលមានប្រវែង ១៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ក្រាលដោយកៅស៊ូ DBST បាន និងកំពុងប្រែក្លាយ តំបន់នៅជុំវិញនោះឱ្យទៅជាទីកន្លែង ទេសចរណ៍ធម្មជាតិ និងដំណាំកសិ-ឧស្សាហកម្ម ដែលពីដើមទីនោះជាអតីតទីតាំងកាន់កាប់ដោយពួកខ្មែរក្រហមរហូតដល់ឆ្នាំ១៩៩៤។

នៅក្នងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវខេត្ត ១៣៣៥ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីម្សិលមិញនេះ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា តំបន់ភ្នំវល្លិ៍នេះ គឺជាតំបន់ដែលខ្មែរក្រហមកាន់កាប់ ហើយជាទីតាំងបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ដោយក្រោមនយោបាយឈ្នះឈ្នះ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់ សម្តេចតេជោ ហ៊ុន សែន តំបន់នេះបានទទួលនូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៤។ ក្រោមការកាន់កាប់ដោយពួកខ្មែរក្រហម ជនជាតិបរទេសចំនួន ៣នាក់ត្រូវបានពួកគេសម្លាប់ផងដែរ។

លោកបានបន្ថែមថា ការស្ថាបនាផ្លូវមួយខ្សែនេះ និងធ្វើឱ្យតំបន់ភ្នំវល្លិ៍ ប្រែក្លាយពីទីតាំងដែលបង្ហូរឈាមគ្នាពីសម័យសង្រ្គាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងជាតំបន់កសិ-ឧស្សាហកម្ម ជាពិសេសដំណាំម្រេចតែម្តង។

លោកក៏បានឯកភាពក្នុងការសងសង់រូបសំណាក់ព្រាបស ដោយអមជាមួយនឹងលេខ ១៩៩៤ ដើម្បីតំណាងឱ្យសន្តិភាពផងដែរ។

បន្ទាប់ពីធ្វើពិធីបើកការដ្ឋាននេះរួចរាល់ លោកអភិបាលខេត្ត បានបន្តចុះទៅពិនិត្យការជួសជុលកំណាត់ផ្លូវ ពីសេះស ទៅកាន់ឆ្នេរកែប ដើម្បីធានាបាននូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងការមកលេងកម្សាន្តនៅខេត្តទេសចរណ៍មួយនេះ ជាពិសេសនាថ្ងៃឈប់សម្រាកនាពេលខាងមុខ៕

You can share this !

Loading...
អត្ថបទទាក់ទង