រុស្ស៊ី ថា វ៉ាក់សាំង​ការពារ​កូវីដ១៩ទីមួយ​នៅលើ​ពិភពលោក​របស់ខ្លួន នឹង​អាចត្រូវ​ចុះបញ្ជី​ក្នុងសប្ដាហ៍នេះ

ប្រភព៖ RT

រុស្ស៊ី៖ យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ី បានឱ្យដឹងថា វ៉ាក់សាំង ការពារវីរុសកូវីដ១៩ លើកដំបូងរបស់ពិភពលោក អាចនឹងត្រូវចុះបញ្ជីជាផ្លូវការ នៅក្នុងសប្ដាហ៍នេះ។

លោក Oleg Gridnev អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី បានថ្លែងប្រាប់សារព័ត៌មានកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការចុះបញ្ជីនៃវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយមជ្ឈមណ្ឌល Gamelei នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែសីហា។ សម្ដីរបស់លោកអនុរដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយបន្តថា ការធ្វើតេស្តលើវ៉ាក់សាំងនេះ បានដល់ដំណាក់កាលចុងក្រោយ គឺដំណាក់កាលទី៣។

ក្រសួងសុខាភិបាលរុស្ស៊ី បានចេញថ្លែងការណ៍ផ្លូវការមួយថា ឯកសារតម្រូវសម្រាប់ការចុះបញ្ជីវ៉ាក់សាំងរបស់មជ្ឈមណ្ឌល Gamelei រួមទាំងទិន្នន័យលើការធ្វើតេស្តក្នុងដំណាក់កាលនីមួយៗ ត្រូវបានពិនិត្យ។ ការអនុញ្ញាតឱ្យចុះបញ្ជីវ៉ាក់សាំងនេះ អាស្រ័យទៅលើលទ្ធផលនៃការពិនិត្យនេះ។

សារព័ត៌មានមួយចំនួន ដែលយោងតាមទំព័រហ្វេសប៊ុកមិនផ្លូវការរបស់លោកប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន ដែលបានបង្ហោះកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដូច្នេះថា វ៉ាក់សាំងការពារវីរុសកូវីដ១៩ លើកដំបូង នៅលើពិភពលោក នឹងត្រូវបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ សេចក្ដីរាយការណ៍ដែលដកស្រង់ពីទំព័រហ្វេសប៊ុកនោះ បានបន្តថា អ្នកវិទ្យាសាស្ត្ររុស្ស៊ី បានទទួលជោគជ័យលើការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន ដែលបានបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាព៕

You can share this !

Loading...
អត្ថបទទាក់ទង