ស្លា ប់យ៉ាង​តិច​៤៣នាក់ ដោយសារ​បាក់ដី​នៅរដ្ឋកេរ៉ាឡា ដែល​ទើបកើត​ឧបទ្ទវហេតុ​យន្តហោះ​ស្លា ប់១៨នាក់

ប្រភព៖ CNN

ប្រែសម្រួល៖ លាភ

ឥណ្ឌា៖ យ៉ាងហោចណាស់ មនុស្ស ៤៣នាក់ បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ បានបង្កឱ្យបាក់ដី នៅរដ្ឋកេរ៉ាឡា និរតីប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។

អ្នកស្លាប់ភាគច្រើន ជាអ្នកធ្វើការបេះតែ នៅចម្ការតែក្នុងស្រុក Idukki ដែលបានសម្រាន្តលង់លក់ នៅពេលកើតមានការបាក់ដី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ តួលេខស្លាប់ បានកើនឡើងបន្តទៀត កាលពីថ្ងៃចុងសប្ដាហ៍ ខណៈក្រុមអ្នកជួយសង្គ្រោះ បានចំណាយពេលចុងសប្ដាហ៍ ដើម្បីកាយភក់ និងបំណែកថ្ម ដើម្បីស្វែងរកជនរងគ្រោះដែលអាចនៅមានជីវិត។

សេចក្ដីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ២៥នាក់ផ្សេងទៀត បានបាត់ខ្លួន។ ក្នុងប្រតិបត្តិការសង្គ្រោះនេះ គេបានពង្រាយកម្លាំងដើម្បីជួយសង្គ្រោះ ប្រមាណ ៥០០នាក់។

នៅថ្ងៃចន្ទ ទី១០ ខែសីហានេះ ក្រសួងឧតុនិយមឥណ្ឌា បានធ្វើការព្រមានពីភ្លៀងធ្លាក់ខ្លាំងរយៈពេល២៤ម៉ោងបន្តទៀត នៅរដ្ឋកេរ៉ាឡា។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ស្រុកចំនួន ១៤ ក្នុងរដ្ឋចំនួន៧របស់ឥណ្ឌា ត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន។

សូមជម្រាបថា កាលពីថ្ងៃសុក្រ នៅព្រលានយន្តហោះអន្តរជាតិមួយនៅរដ្ឋកេរ៉ាឡា ដោយសារភ្លៀងធ្លាក់ខ្លាំង, យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា១គ្រឿង បានរត់ធ្លាក់ផ្លូវ បណ្ដាលឱ្យដាច់ជាពីរកំណាត់ និងសម្លាប់អ្នកដំណើរចំនួន ១៨នាក់ ដោយយន្តហោះមានផ្ទុកមនុស្ស ១៩០នាក់៕

You can share this !

Loading...
អត្ថបទទាក់ទង