ការផ្ទុះដ៏ខ្លាំង​ក្នុង​រដ្ឋធានី​របស់​ប្រទេសលីបង់​ស ម្លា ប់​មនុស្ស​យ៉ាងហោច​៧៨នាក់ និង​ជាង៤ពាន់​នាក់រងរបួស

លីបង់៖

ការផ្ទុះដ៏ខ្លាំងចំនួន២បានធ្វេីឲ្យកក្រេីករដ្ឋធានីបេរូតក្នុងប្រទេសលីបង់កាលពីថ្ងៃអង្គារ ហេីយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧៨នាក់ និងបានធ្វេីឲ្យមនុស្សជាង៤ពាន់នាក់ទៀតរងរបួស។

ផ្សែងហុយទ្រលោមខ្មួលខ្មាញ់ និងអណ្ដាតភ្លេីងដ៏ធំបានអណ្ដែតចូលទៅក្នុងអាកាសនៅក្នុងហេតុការណ៍ផ្ទុះនោះដែលបានកេីតឡេីងនៅឯកំពង់ផែរបស់រដ្ឋធានីនេះ។

ក្រុមមន្ត្រីលីបង់បានដាក់កំហុសទៅលេីសារធាតុគីមីមានជាតិផ្ទុះខ្លាំងដែលត្រូវបានស្តុកទុកក្នុងឃ្លាំងមួយកន្លែងអស់រយៈពេល៦ឆ្នាំមកហេីយ។

ប្រធានាធិបតីលីបង់ លោក មីឆែល អួន (Michel Aoun) បានសរសេរនៅលេីបណ្ដាញសង្គមធ្វីតធ័រ (Twitter) ថា «វាជារឿងមិនអាចទទួលយកបានទេដែលសារធាតុអាម៉ូនីញ៉ូមនីត្រាតជាង២ពាន់៧៥០តោនត្រូវបានស្តុកទុកដោយមិនមានសុវត្ថិភាពបែបនេះ»។

ប្រធានាធិបតីលីបង់ គ្រោងនឹងបេីកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយនៅថ្ងៃពុធនេះ ហេីយគ្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចំនួន២សប្ដាហ៍ និងប្រកាសឲ្យមានការកាន់ទុក្ខទូទាំងប្រទេសចំនួន៣ថ្ងៃចាប់ពីថ្ងៃពុធនេះ។

ក្រុមមន្រ្តីបាននិយាយថា ការស៊ើបអង្កេតកំពុងធ្វេីឡេីងដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។ ក្រុមប្រឹក្សាការពារជាតិលីបង់បានប្រកាសថាអ្នកដែលទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនេះត្រូវប្រឈមមុខនឹង «ការដាក់ទោសទណ្ឌជាអតិបរមា»។

ការផ្ទុះនេះបានកើតឡើងចំពេលដែលប្រទេសលីបង់កំពុងជួបការលំបាកដោយសារវិបត្តិសេដ្ឋកិច្ច និងការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។ ភាពតានតឹងក៏កេីនឡេីងខ្លាំងនៅក្នុងប្រទេសផងដែរមុនពេលចេញសាលក្រមនៅថ្ងៃសុក្រខាងមុខនៅក្នុងការជំនុំជម្រះក្ដីលើការសម្លាប់អតីតនាយករដ្ឋមន្រ្តីលីបង់ លោក រ៉ាហ្វីក ហារីរី (Rafik Hariri) ក្នុងឆ្នាំ២០០៥៕

You can share this !

Loading...
អត្ថបទទាក់ទង