លោកស្រី អ៊ុងសាន ស៊ូជី ប្រកាសឈរ​ឈ្មោះ​អាណត្តិទី២​ក្នុង​ការបោះឆ្នោត​សកល​នៅ​មីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖

មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារនេះថា លោកស្រីនឹងឈរឈ្មោះសម្រាប់អាណត្តិទី២នៅក្នុងការបោះឆ្នោតសកលដែលនឹងធ្វេីឡេីងក្នុងខែវិច្ឆិកាខាងមុខ។

លោកស្រី ស៊ូជី អាយុ៧៥ឆ្នាំ បានគ្រវីដៃទៅក្រុមអ្នកគាំទ្ររបស់លោកស្រីនៅជាយទីក្រុងយ៉ាំងហ្គោននៅពេលលោកស្រីទៅដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតសកល។

លោកស្រី ស៊ូជី ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពសម្រាប់យុទ្ធនាការទាមទារលទ្ធិប្រជាធិបតេយ្យ បានឡេីងដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៦បន្ទាប់ពីទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ប៉ុន្តែត្រូវបានបង្ខំឲ្យបែងចែកអំណាចជាមួយក្រុមឧត្ដមសេនីយ៍។

កេរ្តិ៍ឈ្មោះរបស់ លោកស្រី ស៊ូជី នៅឆាកអន្ដរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារបញ្ហានៃការប្រព្រឹត្តរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាទៅលេីពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ា ។

ប៉ុន្តែទោះជាយ៉ាងណា លោកស្រី ស៊ូជី នៅតែមានប្រជាប្រិយភាពក្នុងប្រទេសមីយ៉ាន់ម៉ាបេីទោះជាលោកស្រីត្រូវបានគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងអំពើឃោរឃៅប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានោះក៏ដោយ៕

You can share this !

Loading...
អត្ថបទទាក់ទង