ជប៉ុន​ប្រកាសថា​នឹង​ឆ្លេីយតបវិញ​ប្រសិនបេី​កូរ៉េខាងត្បូង​រឹបអូស​យកទ្រព្យសម្បតិ្ត​ជប៉ុន

ជប៉ុន៖

ឧបនាយករដ្ឋមន្ត្រីជប៉ុន លោក ថារ៉ូ អាសូ (Taro Aso) បាននិយាយនៅថ្ងៃអង្គារនេះថា ជប៉ុននឹងត្រូវឆ្លើយតបវិញប្រសិនបើកូរ៉េខាងត្បូងរឹបអូសទ្រព្យសម្បត្តិរបស់ជប៉ុនជុំវិញបញ្ហាជម្លោះទាក់ទងនឹងកម្លាំងពលកម្មដោយបង្ខំនាសម័យសង្គ្រាម។

លោក ថារ៉ូ ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនផងដែរនោះបានចាត់ទុកសកម្មភាពបែបនោះរបស់កូរ៉េខាងត្បូងថាជាការបំពានច្បាប់អន្តរជាតិ។

សូមរម្លឹកថា តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨បានបញ្ជាឲ្យក្រុមហ៊ុនដែកថែប មួយរបស់ជប៉ុនបង់ប្រាក់ប្រហែល៨ម៉ឺន៣ពាន់៨រយដុល្លារអាមេរិកក្នុងម្នាក់ទៅឲ្យជនជាតិកូរ៉េខាងត្បូងចំនួន៤នាក់ជាសំណងសម្រាប់ការបង្ខំឲ្យពួកគេធ្វើការក្នុងអំឡុងសង្គ្រាមលោកលើកទី២។

ការសម្រេចនេះបានធ្វើឲ្យប្រទេសជប៉ុនខឹងសម្បារជាខ្លាំង និងបានប្រកាសថាបញ្ហាសំណងត្រូវបានដោះស្រាយរួចហេីយក្រោមសន្ធិសញ្ញាឆ្នាំ១៩៦៥ ហើយបានថាការសម្រេចនេះគឺបំពានច្បាប់អន្តរជាតិ។

នៅថ្ងៃអង្គារនេះដែរ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានបញ្ជាក់ជាថ្មីថា ការសម្រេចនោះរបស់កូរ៉េខាងត្បូងគឺជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ និងបានបន្ថែមថា ការរឹបអូសទ្រព្យសម្បត្តិណាមួយរបស់ជប៉ុនត្រូវតែរារាំងដើម្បីកុំអោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត៕

You can share this !

Loading...
អត្ថបទទាក់ទង