កូរ៉េខាងជេីង​ប្រហែលជា​សម្រេចបាន​ការផលិត​គ្រាប់នុយក្លេអ៊ែរ​ខ្នាតតូច​ដេីម្បី​បំពាក់​នៅលេី​ក្បាលគ្រាប់​មីស៊ីលផ្លោង

កូរ៉េខាងជើង៖

យោងតាមរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ ប្រទេសកូរ៉េខាងជេីងកំពុងបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ហេីយប្រទេសជាច្រេីនជឿថា កូរ៉េខាងជេីងប្រហែលជាសម្រេចបានការផលិតគ្រាប់នុយក្លេអ៊ែរខ្នាតតូចដេីម្បីបំពាក់នៅលេីក្បាលគ្រាប់មីស៊ីលផ្លោង។

របាយការណ៍នោះរបស់ក្រុមអ្នកជំនាញឯករាជ្យដែលឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អាមេរិកលេីកូរ៉េខាងជេីងបាននិយាយថា ប្រទេសជាច្រេីននោះជឿថាការធ្វើតេស្តិ៍នុយក្លេអ៊ែរចំនួន៦លើកកន្លងមករបស់កូរ៉េខាងជើងទំនងជាបានជួយឱ្យកូរ៉េខាងជេីងបង្កើតបានគ្រាប់នុយក្លេអ៊ែរខ្នាតតូច។

សូមបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងមិនបានធ្វើតេស្តិ៍នុយក្លេអ៊ែរទេចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។

របាយការណ៍បណ្តោះអាសន្ននោះត្រូវបានដាក់ជូនទៅគណៈកម្មាធិការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុកការដាក់ទណ្ឌកម្មលេីកូរ៉េខាងជើងដែលមានសមាជិក១៥ប្រទេសកាលពីថ្ងៃចន្ទ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយកាលពីសប្ដាហ៍មុនថា «សង្គ្រាមនឹងមិនកេីតមានទៀតទេដោយសារតែអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជេីងបានធានានូវសុវត្ថិភាព និងអនាគតរបស់ខ្លួនបេីទោះបីជាមានសម្ពាធពីខាងក្រៅ និងការគំរាមកំហែងខាងយោធាក៏ដោយ»។

ប្រទេសកូរ៉េខាងជើងបានទទួលការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ ក្នុងគ្រាដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពង្រឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់នោះ ក្រុមអ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិបានរាយការណ៍ជាទៀងទាត់ថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង និងបំពានការដាក់ទណ្ឌកម្ម៕

You can share this !

Loading...
អត្ថបទទាក់ទង