ថៃ រកឃើញ​សាច់គោ​ក្លែងក្លាយ លក់លើ​ប្រព័ន្ធ​អនឡាញ

ប្រភព៖ Coconuts

ប្រែសម្រួល៖ លាភ

បាងកក៖ នៅថ្ងៃទី០៣ ខែសីហានេះ សារព័ត៌មានថៃបានចុះផ្សាយថា សាកលវិទ្យាល័យជូឡាឡុងកន នៅទីក្រុងបាងកក ប្រទេសថៃ បានបញ្ជាទិញសាច់គោដែលត្រូវបានដាក់លើប្រព័ន្ធអនឡាញដើម្បីធ្វើការពិសោធន៍។ ជាលទ្ធផល សាច់គោដែលទិញពីប្រព័ន្ធអនឡាញ ចំនួន ៤២ដុំ ក្នុងនោះមាន ៧០% គឺជា សាច់ជ្រូក ដែលត្រូវបានជ្រលក់ត្រាំក្នុងឈាមគោតែប៉ុណ្ណោះ ហើយមានផ្ទុកបាក់តេរីគ្រោះថ្នាក់ ដែលអាចប៉ះពាល់សុខភាពអ្នកទទួលទាន។

តំណាងក្រសួងកសិកម្មថៃ បានឱ្យដឹងថា អ្នកលក់ខិលខូចមួយចំនួន បានលក់សាច់គោក្លែងក្លាយ នៅលើបណ្ដាញសង្គម និងទីផ្សារមួយចំនួន ក្នុងប្រទេសថៃ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ ក្រសួងពាក់ព័ន្ធ និងសមាគម ចំនួន ១០ នៅប្រទេសថៃ បានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ ដើម្បីពិភាក្សាបន្ថែម និងបើកការស៊ើបអង្កេតរកប្រភពនៃសាច់គោក្លែងក្លាយ ដែលធ្វើពីសាច់ជ្រូក។

បញ្ហានេះ ត្រូវបានប្ដឹងពីម្ចាស់ភោជនីយដ្ឋានអាហារបែបហាឡាល់ (Halal) ដែលភាគច្រើនទទួលទានដោយជនមូស្លីម ហើយក៏បង្កឱ្យមានការបារម្ភ ចំពោះការនាំចេញសាច់គោក្លែងក្លាយទាំងនេះ ទៅក្រៅប្រទេស ពិសេសប្រទេសដែលមានប្រជាជនកាន់សាសនាឥស្លាម៕

You can share this !

Loading...
អត្ថបទទាក់ទង