ក្រុមហ៊ុន ស៊ីម៉ងត៍ និងគ្រឿងសំណង់​ដ៏ធំមួយ ប្រកាស​ពីប្រាក់​ចំណេញ​កើនឡើង ក្នុង​ត្រីមាសទី២ បន្ទាប់ពី​អនុវត្ត​យុទ្ធសាស្ត្រថ្មីៗ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កូវីដ១៩

អាស៊ី៖ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍និងគ្រឿងសំណង់ដ៏ធំជាងគេបំផុតមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ថ្មីៗនេះ បានប្រកាសពីប្រាក់ចំណេញនៅតែកើនឡើង សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុនបានដាក់ចេញនិងអនុវត្តយុទ្ធសាស្រ្តអាជីវកម្មថ្មីៗ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ។

ប្រកាសព័ត៌មានរបស់ អេសស៊ីជី ចេញផ្សាយកាលពីចុងខែកក្កដាកន្លងទៅ បានឲ្យដឹងថា ប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ សម្រេចបាន ២៩៤ លានដុល្លារអាមេរិក កើនឡើង ៣៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការកើនឡើងនេះ គឺដោយសារភាពល្អប្រសើរជាងមុន នៅក្នុងអង្គភាពធុរកិច្ចសំខាន់ៗទាំងបីរបស់ អេសស៊ីជី ដែលជំរុញដោយការធ្វើប្រសិទ្ធភាពកម្មចំណាយថ្លៃដើម និងនិរន្តរភាពអាជីវកម្ម ។ បើធៀបនឹងត្រីមាសមុននេះ ប្រាក់ចំណេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ កើនឡើង ៣៥% ដោយសារតែលទ្ធផលល្អជាងមុននៅក្នុងអាជីវកម្មផ្នែកគីមីរបស់ក្រុមហ៊ុន ។

ប៉ុន្តែ បើនិយាយពីចំណូលពីការលក់វិញ ត្រីមាសទី២ នៃឆ្នាំ២០២០ សម្រេចបាន ៣.០០៦ លានដុល្លារអាមេរិក ធ្លាក់ចុះ ១២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលការធ្លាក់ចុះចំណូលពីការលក់នេះ គឺបណ្ដាលមកពីតម្លៃផលិតផលគីមីចុះថោក ។ ហើយចំណូលនៅក្នុងត្រីមាសនេះទៀតសោត គឺធ្លាក់ចុះ ៩% បើធៀបទៅនឹងត្រីមាសមុន ដោយសារមូលហេតុនៃការថមថយចុះនៅក្នុងអាជីវកម្មស្នូលគ្រប់មុខទាំងអស់ ។

បើគិតជាឆមាសវិញ ចំណូលពីការលក់របស់ អេសស៊ីជី សម្រាប់ឆមាសទី១ នៃឆ្នាំនេះ (ពីខែមករា ដល់ខែមិថុនា) បានធ្លាក់ចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដោយសម្រេចបានតែ ៦.៣៨១ លានដុល្លារអាមេរិក ដោយសារមូលហេតុការធ្លាក់ចុះនៃតម្លៃផលិតផលគីមី ។

ដោយឡែក ប្រាក់ចំណេញសម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ ក៏ធ្លាក់ចុះដែរ ពោលគឺធ្លាក់ចុះ ១៣% បើធៀបនឹងឆមាសទីមួយដូចគ្នានៃឆ្នាំមុន ដោយសម្រេចបានត្រឹមតែ ៥១៧ លានដុល្លារអាមេរិក ដែលមូលហេតុនៃការធ្លាក់ចុះប្រាក់ចំណេញនេះ គឺបណ្ដាលមកពីការថយចុះនៃប្រាក់ចំណេញពីអាជីវកម្មផលិតផលគីមី កាលពីអំឡុងត្រីមាសទី១ ឆ្នាំ២០២០ ។

លោក Roongrote Rangsiyopash ប្រធាន និងជានាយកប្រតិបត្តិរបស់ អេសស៊ីជី បាននិយាយថា “ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ... អេសស៊ីជី បានដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មថ្មីៗមួយចំនួន ដូចជា ត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់បំផុត ដោយបង្កើតនូវផែនការលក់ និងការរៀបចំការដឹកជញ្ជូនសម្រាប់ស្ថានការណ៍បិទទីក្រុង; ធ្វើផែនការសម្រាប់ភាពប្រសើរបំផុត ដោយបង្កើននូវប្រសិទ្ធផលផលិតកម្មដើម្បីបំពេញតម្រូវការដែលកើនឡើង; ការផ្លាស់ប្ដូរទៅរកឌីជីថល ដើម្បីបង្កើតនូវគំរូដែលមានប្រសិទ្ធភាពបំផុត ។”

នាយកប្រតិបត្តិ អេសស៊ីជី បានបន្តថា ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រដែលមានភាពបន់បែនបំផុត ដោយផ្ដល់ដំណោះស្រាយ ផលិតផល និងសេវាកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការកាន់តែប្រសើរថែមទៀត និងចាប់យកទីផ្សារសក្ដានុពល នៅខណៈដែលមានការកើនឡើងនូវនិន្នាការអាជីវកម្មអនឡាញ សេវាកម្មដឹកជញ្ជូនអាហារតាមតម្រូវការ និងការគិតគូរខ្លាំងអំពីសុខភាព និងសុខុមាលភាព ។

លោក Roongrote បាននិយាយបន្តយ៉ាងដូច្នេះថា “ជាលទ្ធផលនៃកិច្ចប្រឹងប្រែងទាំងអស់នេះ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ និងសម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ មិនសូវរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកលឡើយ ។”

ដោយឡែក បើនិយាយពី ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី ប្រចាំកម្ពុជាវិញ របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២០ បង្ហាញថា អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបចំនួន ១.៥៦៣ ប៊ីលានរៀល (៣៨២ លានដុល្លារអាមេរិក) កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ចំនួន ២៥៦ ប៊ីលានរៀល (៦២,៤៨ លានដុល្លារអាមេរិក) ក្នុងនោះរាប់បញ្ចូលទាំងចំណូលលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ដែលតួលេខចំណូលនេះ ធ្លាក់ចុះ ៦% បើធៀបនឹងត្រីមាសទី២ នៃឆ្នាំមុន ។

សម្រាប់រយៈពេលឆមាសទី១ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ៥៣១ ប៊ីលានរៀល (១២៩,៣៩ លានដុល្លារអាមេរិក) ដែលកើនឡើង ០,២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅមិញ ។

ក្នុងគោលបំណងធានានិរន្តរភាពនៃប្រតិបត្តិការនិងផលិតកម្មរបស់ក្រុមហ៊ុន នៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩ អេសស៊ីជី បានបន្តដាក់ចេញនិងអនុវត្តពេញទំហឹង នូវផែនការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ។ ជាងនេះទៅទៀត ការការពារសុខភាពនិងសុខុមាលភាពរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺជាអាទិភាពសំខាន់បំផុតរបស់ក្រុមហ៊ុន នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នេះ ហើយរបៀបធ្វើការបែបថ្មីមួយ ហៅថា “កន្លែងធ្វើការបែបកូនកាត់” ដែលបុគ្គលិកអាចជ្រើសរើសធ្វើការនៅក្នុងការិយាល័យ ធ្វើការពីផ្ទះ ឬធ្វើការពីទីណាក៏បាន ដែលក្រុមហ៊ុនគិតថាមានសុវត្ថិភាព និងការណែនាំអំពីការរក្សាគម្លាតរាងកាយ ត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងប្រទេសកម្ពុជា។ របៀបធ្វើការបែបថ្មីនេះ ផ្ដល់នូវភាពបត់បែនកាន់តែប្រសើរឡើងថែមទៀតដល់បុគ្គលិក និងជួយគាំទ្រដល់ពួកគេឲ្យអាចធ្វើការកាន់តែមានផាសុកភាពថែមទៀត ។

នៅក្នុងប្រកាសព័ត៌មានដដែល អេសស៊ីជី បានលើកឡើងថា សេដ្ឋកិច្ចប្រទេសកម្ពុជាបន្តរងនូវផលប៉ះពាល់ ដោយសារការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ និងប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ។

ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ដើម្បីចាប់យកឱកាសទីផ្សារ និងផ្ដល់នូវសេវាកម្មដែលបំពេញតម្រូវការរបស់អតិថិជនក្នុងអំឡុងពេលកូវីដ១៩ ក្រុមហ៊ុនបានចរាចរផលិតផលថ្មីមួយនៅក្នុងទីផ្សារ គឺ ក្បឿងខៀវការ៉ាត់ ជាផលិតផលដែលកើតចេញពីបញ្ហានិងតម្រូវការរបស់អតិថិជន ទាក់ទងនឹងការរចនានិងតម្លៃ ។ ក្បឿងប្រក់ដំបូលប្រភេទទំនើបថ្មីនេះ មានពណ៌ភ្លឺចិញ្ចាចដែលធ្វើឲ្យដំបូលផ្ទះរបស់អតិថិជនមានពន្លឺភ្លឺចាំងស្អាត និងបង្ហាញនូវអត្តសញ្ញាណរបស់ពួកគេ ហើយក្បឿងនេះផលិតដោយប្រើបច្ចេកវិទ្យាទំនើប ដែលធ្វើឲ្យវាជាប់បានយូរស្របទៅតាមស្តង់ដារ ISO 9001: 2015 ។

ជាមួយគ្នានេះ ផលិតផលបេតុងបាវក៏ត្រូវបានបញ្ចេញទៅក្នុងទីផ្សារ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជននៅក្នុងគម្រោងសាងសង់របស់ពួកគេ ។ បេតុងបាវថ្មីនេះជំនួសឲ្យវិធីលាយបេតុងបែបប្រពៃណី ដែលនាំឲ្យទាំងម្ចាស់ផ្ទះ និងទាំងជាងសំណង់ចំណេញទាំងពលកម្ម និងទាំងពេលវេលា ៕

You can share this !

Loading...
អត្ថបទទាក់ទង