កាន់តែ​មានពន្លឺ! លទ្ធផល​តេស្ត​វ៉ាក់សាំង COVID-19 លើ​​មនុស្ស ​មាន​ផលវិជ្ជមាន

អន្តរជាតិ៖ លទ្ធផល​វ៉ាក់សាំង​ COVID-19 ចំនួន​ពីរ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ថា​មាន​ផល​វិជ្ជមាន​ ដោយ​វ៉ាក់សាំងទាំង​នោះ ​អាច​​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺដែល​គេ​រំពឹង​ទុក​ថា​អាច​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​នេះ។

វ៉ាក់សាំង COVID-19 ទី​១ ​គឺ​បង្កើត​ដោយ​សាកលវិទ្យាល័យ Oxford និង​ក្រុមហ៊ុន​ផលិត​ថ្នាំ AstraZeneca បាន​ចេញ​ផ្សាយ​លទ្ធផល​ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី១ នៅ​ក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ The Lancet ថា ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​អាច​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​បាន។ វ៉ាក់សាំង​នេះ​អាច​បង្កើត​អង់ទីករ​ក្នុង​រយៈពេល​២៨​ថ្ងៃ និង​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ T-cell ក្នុង​រយៈពេល​១៤​ថ្ងៃ។

ក្រុម​អ្នក​ស្រាវជ្រាវ​​ បាន​តេស្ដ​មើល​អង់ទីករ​របស់​អ្នក​ចូលរួម ​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ហើយ និង​រក​ឃើញ​ថា ​អ្នក​​ចូលរួម​ដែល​ចាក់​វ៉ាក់សាំង​តែ​ម្ដង​ ភាគច្រើន​មាន​អង់ទីករ​នេះ ប៉ុន្តែ​សម្រាប់​អ្នក​ចូលរួម​ដែល​ចាក់​វ៉ាក់សាំង​២​ដង​ សុទ្ធតែ​មាន​អង់ទីករ​ក្នុង​ខ្លួន​ទាំង​អស់។ នេះ​ជា​ដំណឹង​ល្អ​ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ផ្លូវ​ពីរ​ក្នុង​ការ​រក និង​ប្រឆាំង​នឹង​វីរុស​ គឺការ​ឆ្លើយ​តប​របស់​អង់ទីករ និង​កោសិកា T របស់​ប្រព័ន្ធ​ភាព​ស៊ាំ។

ដោយឡែក អ្នក​ចាក់​វ៉ាក់សាំង​នេះ ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ ដោយ​គ្រាន់​តែ​មាន​អាការៈ​អស់​កម្លាំង ឈឺក្បាល ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង ឈឺ​សាច់ដុំ គ្រុន​រងា និង​ឡើង​សីតុណ្ហភាព​ក្នុង​ខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្ន គេ​កំពុង​ធ្វើ​ការ​តេស្ដ​សាកល្បង​ដំណាក់​​កាល​ទី​២​នៅ​ក្នុង​ប្រទេស​អង់គ្លេស ប្រទេស​ប្រេស៊ីល និង​អាហ្វ្រិក​ខាងត្បូង។ រីឯ​ដំណាក់កាល​បន្ទាប់​​នឹង​ចាប់ផ្ដើម​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​សីហា​ខាងមុខ​នេះ។

វ៉ាក់សាំង​មួយ​ទៀត​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ចិន CanSino Biologics ក៏​បាន​ចេញ​ផ្សាយ​លទ្ធផល​ការ​ធ្វើ​តេស្ដ​ដំណាក់​កាល​ទី​២​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ The Lancet ថា​វ៉ាក់សាំង​មាន​សុវត្ថិភាព​ និង​បាន​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​លើ​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​​​សុខភាព​ល្អ​ចំនួន ៥០៨​នាក់​ដែល​ចាក់​វ៉ាក់សាំង​តែ​ម្ដង​ប៉ុណ្ណោះ។ ភាគច្រើន​អ្នក​ចូលរួម​មាន​ការ​ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង និង​គ្រុន​ក្ដៅ​ដែលនេះ​​មិន​មែន​ជា​អាការៈ​ធ្ងន់ធ្ងរ​ទេ។ គួរ​បញ្ជាក់​ដែរ​ថា វ៉ាក់សាំង​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​ផលិត​ដោយ​ប្រើ​វីរុស Adenovirus ធ្វើ​ជា​អ្នកដឹក​បញ្ជូន​ព័ត៌មាន​សេណេទិក​របស់​រីរុស​ Covid -19 ទៅ​ក្នុង​រាង​កាយ។ ដោយ​សារ​តែ​វ៉ាក់សាំងនេះ​បង្កើត​ដោយ​វីរុសAdenovirus ជា​ប្រភេទ​វីរុស​​ខ្សោយ​ ដូចនេះ​អ្នក​​ធ្លាប់​ឆ្លង​វីរុស​ប្រភេទ​នេះ​ពីមុន អាចមាន​អង់ទីករ​តិចនៅ​ពេល​ចាក់ ​ដែល​នេះ​គឺ​ជា​ឧបសគ្គ​សម្រាប់​វ៉ាក់សាំង​នេះ។

​យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​បាន​សង្កត់​ធ្ងន់​ថា​នៅ​ត្រូវការ​ការ​សិក្សា​បន្ថែម​ដែល​មាន​អ្នក​ចូលរួម​ច្រើន​ជាង​មុន​ដើម្បី​ដឹង​ថា​វ៉ាក់សាំង​នេះ​អាច​ការពារ​មនុស្ស​ពី​វីរុស​ឬ​យ៉ាង​ណា និង​ដឹង​ពី​រយៈពេល​ដែល​វ៉ាក់សាំង​នេះ​អាច​ការពារ​បាន៕

You can share this !

Loading...
អត្ថបទទាក់ទង