តារាល្បី​លោក ព្រាប សុវត្ថិ បាន​ទទួលស្គាល់​សំណង់​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ

ភ្នំពេញ៖ លោក ព្រាប សុវត្ថិ ដែលគេស្គាល់ថាជាតារាល្បីមួយរូបនៅក្នុងប្រទេសកម្ពុជាបានទទួលស្គាល់ចំពោះសំណង់ផ្ទះរបស់លោកថា ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈពិតប្រាកដមែន ខណៈដែលពីមុនលោកធ្លាប់បានបដិសេធ នៅពេលអ្នកជិតខាងបានបរិហារអំពីបញ្ហានេះ។ នេះបើយោងតាមការចុះវាសវែងដោយក្រុមការងារបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

ក្រុមការងារបច្ចេកទេសសំណង់ ដែលបានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី ដោយពេលនេះ បានដឹងការពិតថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវប្រាកដមែន។ លំនៅឋាននេះស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្រុមការងារបានចុះបោះបង្គោលព្រំដី ដែលមានក្បាលដីលេខ ១៧៤ និង ១៧៥ តាមដីការអមលេខ ២៣/២០ ដ.ក.អ.រ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសនៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សហការជាមួយជំនាញពាក់ព័ន្ធ បានចុះទៅស្វែងរកចំណុចព្រំដីជ្រុងខាងត្បូងផ្នែកខាងកើតដែលមាន (E:484498.995 , N:1280916.780) ដោយពិនិត្យឃើញថាភាគីលោក ព្រាប សុវត្ថិ បានសាងសង់របងប្រវែង ១.៩០ម៉ែត្រ និងព្រំដីជ្រុងខាងត្បូង ផ្នែកខាងលិច ដែលមាននិយាមការ (E:484468.192 , N:1280911.145) ដោយពិនិត្យឃើញថា ភាគីលោក ព្រាប សុវត្ថិ បានសាងសង់របងប្រវែង ៣.២០ម៉ែត្រ នៃក្បាលដីលេខ១៧៤ ចូលលើផ្លូវសាធារណៈ។

បន្ទាប់ពីក្រុមការងារបច្ចេកទេស បានបន្តរកចំណុចព្រំដីរបស់លោកស្រី ហេង គន្ធា ជ្រុងខាងលិច ផ្នែកខាងជើង ដែលមាននិយាមការ (E:484467.511 , N:1280900.468) ដោយពិនិត្យឃើញថាភាគីលោកស្រី ហេង គន្ធា បានសាងសង់របងប្រវែង ០.២ម៉ែត្រ និងជ្រុងខាងលិច ផ្នែកខាងជើង ដែលមាននិយាមការ (E:484500.246 , N:1280907.987) ដោយពិនិត្យឃើញថា ភាគីលោកស្រី ហេង គន្ធា បានធ្វើរបងមិនមានប៉ះពាល់អ្វីទេនៃការក្បាលដីលេខ១៧៥។

នៅពេលមន្ត្រីវាស់វែងរួច លោក ព្រាប សុវត្ថិ បានទទួលស្គាល់សំណង់របស់ខ្លួនពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ហើយលោកបានផ្តិតមេដៃទទួលស្គាល់ចំពោះការវាស់វែងរបស់មន្ត្រីមន្ទីរសុរិយោដីផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងមកប្រជាពលរដ្ឋដែលជាអ្នកជិតខាងមានការលើកឡើងថា ការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើឱ្យផ្លូវរួមតូចរបស់តារាចម្រៀង ព្រាប សុវត្ថិ គឺជាការពិតមែន មិនមែនដូចដែលលោកព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមួលបង្កាច់ធ្វើឱ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។ កាលនោះប្រជាពលរដ្ឋបាននាំគ្នាប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវខាងក្រោយផ្ទះតារាចម្រៀង រូបនេះ បើទោះបីជាអាជ្ញាធរទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋហើយ នៅតែគ្មានដំណោះស្រាយរហូតប្រជាពលរដ្ឋធ្វើការទំនាក់ទំនងទៅអ្នកសារព័ត៌មានដើម្បីចុះមកធ្វើការផ្សាយផ្ទាល់ ពេលនោះទើបអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះមកត្រួតពិនិត្យនៅទីតាំងមានជម្លោះ និងមានការប្រជុំជាមួយប្រជាលរដ្ឋរួមទាំងលោក ព្រាប សុវត្តិ ដើម្បីដោះស្រាយពីបញ្ហាខាងលើនេះ។ ក្រោយមកលោក ព្រាប សុវត្ថិ បានយល់ព្រម រុះរើរោងឈើដែលនៅខាងក្រោយផ្ទះចេញ ហើយបានឱ្យប្រជាពលរដ្ឋសុំទោសជាសាធារណៈផងដែរ ដែលអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់៕

You can share this !

Loading...
អត្ថបទទាក់ទង