មន្រ្តីជាន់ខ្ពស់​សុខាភិបាល៖ គិតត្រឹម​ពេលនេះ កម្ពុជា ចេញ​វិញ្ញាបនបត្រ​តេស្តកូវីដ១៩ ជូន​អ្នកចេញ​ក្រៅ​ប្រទេស​ជាង ១ពាន់នាក់​ហើយ

អត្ថបទ៖ គង់ វណ្ណៈ

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បើកលទ្ធភាពគ្រប់គ្រាន់សម្រាប់អ្នកដំណើរមានបំណងចង់ចេញទៅក្រៅប្រទេស ហើយក្រសួងសុខាភិបាលក៏នឹងស្វាគមន៍ចំពោះការស្នើសុំធ្វើតេស្តរកមេរោគកូវីដ១៩ របស់អ្នកដំណើរ ដើម្បីបញ្ជាក់ពីភាពអវិជ្ជមានកូវីដ១៩ ជូនពួកគាត់ ប្រសិនករណីប្រទេសគោលដៅរបស់ពួកគាត់តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខសុខភាព។

លោកស្រីបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ វិទ្យាស្ថានប៉ាស័្ទរកម្ពុជា បានចេញវិញ្ញាបនបត្របញ្ជាក់តេស្តកូវីដ១៩ ដល់អ្នកដំណើរជាង ១ពាន់នាក់ហើយ សម្រាប់ចាកចេញពីកម្ពុជាទៅកាន់ប្រទេសគោលដៅជុំវិញពិភពលោក ហើយលទ្ធផលតេស្តលើពួកគេបង្ហាញថា អវិជ្ជមានកូវីដ១៩ ទាំងអស់។

លោកស្រីបន្ថែមថា ក្រសួង បានខិតខំប្រឹងប្រែងធ្វើការ ២៤ម៉ោងលើ ២៤ម៉ោង ដោយផ្លាស់ប្តូរវេនគ្នាធ្វើការងារទាំងនេះ ដើម្បីពន្លឿនការងារធ្វើតេស្តរកកូវីដ១៩នេះ ឱ្យបានលឿន និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងបានបន្ថែមកន្លែងពិសោធន៍មួយចំនួនទៀតនៅខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ចាម ក្នុងគោលបំណងធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។

បច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ កោតសរសើរចំពោះវិធានការរបស់រដ្ឋាភិបាលដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនមានការឆ្លងជាសហគមន៍ ហើយអ្នកជំងឺដែលរកឃើញទាំងអម្បាលមាណសុទ្ធសឹងជាការនាំចូលពីក្រៅប្រទេសទាំងអស់។ គិតត្រឹមពេលនេះ កម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១៣១នាក់ និងនៅសល់ចំនួន ១០ទៀតកំពុងសម្រាកព្យាបាល។

គិតត្រឹមថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៥៤លាននាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួនជាង ៥៣ម៉ឺននាក់ និងជាសះស្បើយឡើងវិញ ប្រមាណជាង ៦,៥២លាននាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួនជិត ៣លាននាក់ និងស្លាប់ចំនួន ជាង ១៣ម៉ឺននាក់ និងជាសះស្បើយចំនួន ១,២៨លាននាក់៕

You can share this !

Loading...
អត្ថបទទាក់ទង