អគ្គកុងស៊ុល​អាមេរិក៖ ទុក​ក្រុងហុងកុង​ឲ្យ​នៅតែ​ជា​ក្រុងហុងកុង

ហុងកុង៖ អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ លោក ហាន់ខុម ស្មីត (Hanscom Smith) បាននិយាយនៅថ្ងៃច័ន្ទនេះថា «វិធានការបន្ថែមទៀតកំពុងស្ថិតក្រោមការត្រួតពិនិត្យក្នុងគ្រាដែលអាមេរិកត្រៀមដាក់ទណ្ឌកម្មលេីចិនជុំវិញច្បាប់សន្តិសុខជាតិថ្មីនៅហុងកុង»។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយតាមវិទ្យុ លោក ស្មីត ក៏បានច្រានចោលការចោទប្រកាន់របស់ចិនដែលថាអាមេរិកបានជ្រៀតជ្រែកក្នុងកិច្ចការនយោបាយរបស់ក្រុងហុងកុង។

លោក ស្មីត បាននិយាយថា «អាមេរិកសង្ឃឹមថាក្រុងប៉េកាំងមានទំនុកចិត្តក្នុងការទុកឱ្យរូបមន្តប្រទេសមួយ ប្រព័ន្ធដឹកនាំពីរដំណេីរការ និងអនុញ្ញាតឱ្យក្រុងហុងកុងនៅតែជាក្រុងហុងកុងដដែល»។

ទីក្រុងហុងកុងត្រូវបានប្រគល់ឲ្យចិនគ្រប់គ្រងវិញក្នុងឆ្នាំ១៩៩៧ ក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ» ដែលការពារសេរីភាពរបស់ទីក្រុងនេះរួមបញ្ចូលទាំងប្រព័ន្ធច្បាប់ឯករាជ្យ និងស្វ័យភាពដែលមានភាពទូលំទូលាយ។

កាលពីថ្ងៃទី៣០ ខែមិថុនា ប្រទេសចិនដីគោកបានអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុងដែលច្បាប់នោះត្រូវបានថ្កោលទោសដោយអាមេរិក, អង់គ្លេស និងបណ្តាប្រទេសលោកខាងលិចដទៃទៀត។

អាមេរិកបានចាប់ផ្តើមលុបចោលឋានៈពិសេសរបស់ក្រុងហុងកុងនៅក្នុងច្បាប់របស់ខ្លួនដោយបញ្ឈប់រាល់ការនាំចេញពាក់ព័ន្ធនឹងវិស័យការពារជាតិ និងរឹតបន្តឹងការនាំចូលផលិតផលបច្ចេកវិជ្ជារបស់អាមេរិកទៅទីក្រុងនេះ៕

You can share this !

Loading...
អត្ថបទទាក់ទង