សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​គ្រឿងញៀន​បានជាង​៨ពាន់នាក់ ក្នុង​ឆមាស​ទី១ឆ្នាំ​២០២០នេះ

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

តាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង៤ពាន់ករណី កើនឡើងជាង២៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។
អ្នកល្មើសគ្រឿងញៀនមានជនជាតិផ្សេងៗដូចជា៖ជនជាតិខ្មែរចំនួន៨,៣៦៩នាក់ ជនជាតិវៀតណាម៩៦នាក់ ជនជាតិឡាវ២នាក់ ថៃ៣នាក់ ចិន១៣នាក់ ភូមា០១ម្នាក់ ឥណ្ឌូនេស៊ី០១នាក់ សាំងហ្គាពួរ០១នាក់ ជប៉ុន១ម្នាក់ និងនីហ្សេរីយ៉ា១ម្នាក់។
បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះថា គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែន ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខយ៉ាងស្រួចស្រាវ។ ដូច្នេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន។

លោកអគ្គស្នងការរង បន្តទៀតថា យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិមួយដែលមានការចូលរួមពីគ្រប់ភាគី និងជាពិសេសប្រជាពលនៅក្នុងសហគមន៍ ពេលដឹងថាកូនចៅមានជក់គ្រឿងញៀនត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តឲ្យនគរបាលបង្រ្កាបគ្រឿងខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ថ្វីត្បិតកិច្ចការនេះ វាប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។

សូមជម្រាបថា នៅឆ្នាំ២០១៩ ការបង្រ្កាបគ្រឿងញៀនទូរទាំងប្រទេសកម្ពុជា បានចំនួនជាង៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យបានជាង២ម៉ឺននាក់ ក្នុងនោះមានជនបរទេស៤៤៧នាក់ ស្មើរ១៥ជនជាតិ រឹបអូសគ្រឿញៀនបានជាង៧៥០គីឡូក្រោម គឺកើនឡើងជិត៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨៕

You can share this !

Loading...
អត្ថបទទាក់ទង