គិតត្រឹម​ពេលនេះ ប្រជាពលរដ្ឋខ្មែរ និង​អ្នកដំណើរ​ជាង ២ម៉ឺននាក់ ត្រូវបាន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ ១៩

អត្ថបទ៖ គង់ វណ្ណៈ

ភ្នំពញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា ក្នុងរយៈពេលជិត ៧ខែមកនេះ ក្រសួងបានធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើប្រជាពលរដ្ឋ និងអ្នកដំណើរចេញចូលប្រទេសកម្ពុជាចំនួន ២០.៣៩៧នាក់ ហើយជាលទ្ធផលគិតត្រឹមពេលនេះក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ចំនួន ១៤១នាក់ ដែលស្ទើរតែទាំងអស់ ជាករណីនាំចូល។ ទោះជាយ៉ាងណាពេលនេះ អ្នកជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយចំនួន ១៣១នាក់ និងនៅសល់ចំនួន ១០នាក់ កំពុងព្យាបាល។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌ មាននៅថ្ងៃសុក្រនេះថា ដើម្បីធានាប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយស្ថាប័នពាក់ព័ន្ធ និងរួមជា មួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងឃ្លាំមើលអ្នកដែលត្រូវបានធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ទោះបីជាលទ្ធផលតេស្តអវិជ្ជមានកូវីដក៏ដោយ ជាពិសេសអ្នកដែលធ្លាប់ធ្វើដំណើរត្រឡប់មកពីក្រៅប្រទេស។

លោកបន្តថា ក្រសួងក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលស្នាក់នៅក្បែរអ្នកដែលត្រូវធ្វើចត្តាឡីស័ក ជួយរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីដែលគាត់មិនបានបំពេញតួនាទីឱ្យគត់មុតតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យខាងមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីពង្រឹងវិធានការនេះឱ្យបានល្អ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកស្រី យក់ សម្បត្តិ បានថ្លែងថា ប្រទេសកម្ពុជាបើកលទ្ធភាពសម្រាប់អ្នកមានបំណងចង់ចេញទៅក្រៅប្រទេស តែក្នុងករណីប្រទេសគោលដៅដែលខ្លួនចង់ទៅតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ពីភាពអវិជ្ជមានកូវីដ ក្រសួងសុខាភិបាលក៏បានអនុញ្ញាតឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ជូនផងដែរ ដែលរហូតមកទល់នឹងពេលនេះមានអ្នកមកបញ្ជាក់តេស្តជាង ១ពាន់នាក់ហើយដែរ។

សូមបញ្ជាក់ថា សម្រាប់ជនបរទេសដែលបានចូលមកប្រទេសកម្ពុជា និងបានធ្វើតេស្តច្រើនជាងគេ គឺជនជាតិចិន ដែលមានចំនួន ១១.៩៣៥នាក់ ប៉ុន្តែក្នុងការធ្វើតេស្តនោះ ១០០% មិនមានអ្នកណាម្នាក់វិជ្ជមានកូវីដ១៩ទេ ម្យ៉ាងវិញទៀតខាងភាគីចិនគ្រប់គ្រងអ្នកទេសចរបានល្អ និងមិនរួញរាក្នុងការចូលរួមធ្វើឡើយ។ បន្ទាប់មកទៀតមាន ជនជាតិអាមេរិក ១.៦០៤នាក់ ជនជាតិខ្មែរ ១៤២នាក់ ឥណ្ឌូនេស៊ី ៩៦នាក់ ជប៉ុន ៦៥នាក់ និងមានជនជាតិផ្សេងៗមួយចំនួនទៀត៕

You can share this !

Loading...
អត្ថបទទាក់ទង