រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​សិប្បករ ពិនិត្យ​លទ្ធភាព​លើ​ការប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា និងការ​ធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានលើកទឹកចិត្តឱ្យសមាគមសិប្បករកម្ពុជាពិនិត្យលទ្ធភាពលើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការធ្វើទីផ្សារភ្ជាប់ទៅនឹងអតិថិជនបានទូលំទូលាយ។

ការជំរុញនេះ បានធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ជាមួយនឹងលោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) នៃសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia) និង សហការី។

នៅក្នុងកិច្ចប្រជុំនេះ លោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ បានជម្រាបជូនថា ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យភ្ញៀវទេសចរមានការថយចុះ ដូច្នេះសមាគម មានបំណងក្នុងការចងក្រងសិប្បករជាក្រុម ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកកាត់ទៅកាន់ទីផ្សារផ្សេងៗ ដូចជានាំចេញទៅទីផ្សារបរទេស ការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។ សម្រាប់ការងារទាំងនេះ សមាគម នឹងជួយសម្រួល និងណែនាំលើភស្ដុភារកម្ម និងការធ្វើទីផ្សារ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មានតួនាទីក្នុងការអនុវត្តចលនាភូមិមួយផលិតផលមួយ ដូច្នេះហើយការងារដែលលើកឡើងដោយសមាគម គឺមានភាពស្របទៅនឹងគោលការណ៍របស់ក្រសួងផងដែរ។

លោក ថា ក្រសួងពាណិជ្ជកម្មគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយជូនជាយោបល់ឱ្យសមាគមធ្វើការបន្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ផលិតករ និងសិប្បករខ្មែរ តាមរយៈការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា។ ក្រៅពីនេះផងដែរ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសមាគម ពិនិត្យលទ្ធភាពលើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការធ្វើទីផ្សារ និងផ្សារភ្ជាប់ទៅនឹងអតិថិជន និងទីផ្សារទូលំទូលាយ។ ក្រសួងពាណិជ្ជកម្ម នឹងជួយជំរុញបន្ថែមលើការងារនេះ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសផងដែរ។

សមាគមសិប្បករកម្ពុជា បានអះអាងថា នឹងអនុវត្តតាមការណែនាំរបស់លោករដ្ឋមន្ត្រី ក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាសិប្បករ និងសិល្បករ៕

You can share this !

Loading...
អត្ថបទទាក់ទង