ក្រសួង​​សាធារណការ និង​អគ្គនាយកដ្ឋាន​ពន្ធដារ រក​ដំណោះស្រាយ​​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បើ​ក​កិច្ចប្រជុំ​ពិភាក្សា​លើ​លំហូរ​នីតិវិធី​រួម ​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ និង​កាត់បន្ថយ​ពេលវេលា​ទទួល​សេវា និង​បង់ពន្ធ​ប្រថាប់ត្រា​។​

​កិច្ច​ប្រជុំ​ពិនិត្យ និង​កែសម្រួល​លើ​ប្រកាស​អន្តរក្រសួង​ស្តីពី “​បែបបទ និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​” បានប្រព្រឹត្តទៅក្រោមវត្តមានលោក ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ដោយមាន​ការចូលរួម​ពីនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​ទៅលើ​លំហូរ​នីតិវិធី​ក្នុងការ​ផ្តល់សេវា​ផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​យានយន្ត​រួមគ្នា តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្មរបស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។

​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ បានធ្វើ​ឡើង ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ដាក់ពាក្យ​ផ្ទេរកម្មសិទ្ធិ​យានយន្ត បង់​សេវា និង​បង់ពន្ធ​ប្រថាប់ត្រា​ក្នុងពេល​តែមួយ នៅ​ទីតាំង​ផ្តល់​សេវា​តែមួយ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យបាន​លឿន​រហ័ស ក្រោម​គំនិត​ផ្តួចផ្តើមរបស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ស្របតាម​គោលនយោបាយ​កំណែទម្រង់​ក្នុង​ការផ្តល់​សេវាសាធារណៈ​របស់​រាជរដ្ឋាភិបាល៕

You can share this !

Loading...
អត្ថបទទាក់ទង