ក្រសួងពីរ សហការ​គ្នា​ប្រមូលធនធាន​មនុស្ស​ជំនាញផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ទុកជា​ឃ្លាំង​ចំណេះ​របស់ជាតិ

ដោយ៖ គង់ ប៊ុនណា

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាគ្នាប្រមូលធុនធានមនុស្សជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទុកជាឃ្លាំងចំណេះរបស់ជាតិ ក្នុងកាលៈទេសៈដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានរាជរដ្ឋាភិបាលប្តូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវបានបង្កើតអគ្គនាយកដ្ឋានចំណុះថ្មីមួយ ហៅថា អគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានមួយ គឺវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលថ្មីៗនេះ ដើម្បីឱ្យស្របនិងនិន្នាការរីកចម្រើននៃបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចបែបឌីជីថល។

ក្នុងជំនួបនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ភាគីទាំងពីរ យល់ឃើញថា តម្រូវការធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនៅបែកខ្ញែកគ្នាតាមស្ថាប័ន ក្រសួង មន្ទីរ វិស័យឯកជន ក៏ដូចជានៅក្នុងអង្គការក្រៅរាជរដ្ឋាភិបាលជាដើម គឺជាគោលដៅដ៏សំខាន់ដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធសហការគ្នា ដើម្បីធ្វើជាបញ្ជីសារពើភ័ណ្ឌប្រមូលផ្តុំទុកជាខួរក្បាលរបស់ជាតិ រួមទាំងការផ្តោតទៅលើសិស្សលេចធ្លោដែលកំពុងសិក្សាក្នុងសាលារៀន និងបញ្ញាវ័ន្តដែលបញ្ចប់ការសិក្សារួចហើយផងដែរ។  

សាមីក្រសួងទាំងពីរ បានបង្ហាញនូវសារៈសំខាន់នៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌីតថ្មីៗ ហើយត្រូវយកចិត្តទុកដាក់ការធ្វើបញ្ជីសារពើភ័ណ្ឌមួយ ទុកជាធនធានខួរក្បាលរបស់ជាតិ ដែលបច្ចុប្បន្នធនធានទាំងនេះ នៅបែកខ្ញែកគ្នា ហើយមានមួយចំនួនកំពុងបំពេញការងារខុសជំនាញ។

ម្យ៉ាងវិញទៀត ការងារសំខាន់បំផុតគឺ ការសម្រួចខួរក្បាលធនធានទាំងនេះ តាមរយៈការរៀនសូត្រផ្សារភ្ជាប់ និងការអនុវត្តជាក់ស្តែង ពីព្រោះការបញ្ចប់សញ្ញាបត្រពីសាលា ឬសាកលវិទ្យាល័យ អាចចាត់ទុកថាជាចំណេះដឹងមូលដ្ឋាន និងបែបទ្រឹស្តីភាគច្រើន។ ដូច្នេះ ជាយន្តការ  ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នា ធ្វើសមាហរណកម្មធនធានទាំងនោះ តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយសាកលវិទ្យាល័យជំនាញ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលជាដើម ដើម្បីឱ្យប្រាកដថាធនធានមួយណាមានតម្រូវការជាក់ស្តែង និងក៏ជាមូលដ្ឋានបែងចែកធនធានឱ្យត្រូវមុខសញ្ញាការងារ។ ក្នុងនោះ រដ្ឋ ត្រូវសហការរៀបចំវេទិកា ឬសិក្ខាសាលានានា ដើម្បីធ្វើជាព្រឹត្តិការណ៍ជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ ឬការផ្ទេរចំណេះដឹងថ្មីៗ រវាងអ្នកបានប្រឡូកក្នុងការងារជាក់ស្តែងតាមចំណេះដឹងដែលខ្លួនមាន និងអ្នកដែលទើបបញ្ចប់ការសិក្សា​ជំនាញពីសាលា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលត្រូវមានធនធានសមស្រប ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងប្រទេសផ្តល់ជំនួយ សម្រាប់ការងារស្រាវជ្រាវ និងការអភិវឌ្ឍន៍ អភិវឌ្ឍធនធានគ្រូបង្រៀន គ្រូទ្ទេសនាម ជំនាញការ និងធនធានឧបករណ៍សម្ភារៈ ដូចជាមន្ទីរពិសោធន៍ជាដើម។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តពិភាក្សាជាមួយក្រសួងផែនការនាពេលខាងមុខ និងចុះសិក្សាស្វែងយល់តាមសាកលវិទ្យាល័យជំនាញផ្សេងៗទៀត ដើម្បីទទួលបានធាតុចូលថ្មីៗថែមទៀត ផងដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង