សម្តេចតេជោ ហ៊ុន សែន ប្រកាស​ចាត់វិធានការណ៍​ក្តៅ បើរកឃើញ​ករណី​មិនប្រក្រតី ក្នុងការងារ​ធ្វើបច្ចុប្បន្នភាព​គ្រួសារក្រីក្រ និង​ជនងាយរងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីពេលថ្មីៗកន្លងមកនេះ សម្តេច បានប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថា ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។

តាមរយៈបណ្តាញសង្គមផ្លូវការណ៍ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា "ការងារនេះ គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើឱ្យបានច្បាសលាស់ និងហ្មត់ចត់បំផុត។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ"។

សម្តេចតេជោ បានបញ្ជាក់ទៀតថា "ខ្ញុំនឹងចាត់វិធានការណ៍ក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង"៕

You can share this !

Loading...
អត្ថបទទាក់ទង