រដ្ឋមន្ត្រី​ទេសចរណ៍ បង្ហាញ​ឱកាស​វិនិយោគ​វិស័យ​ទេសចរណ៍​នៅកម្ពុជា ដល់​សមាជិក​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន  បានបង្ហាញពីឱកាសវិនិយោគជាច្រើន លើវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលជាស្ថាប័នដ៏ធំមួយ មានសមាជិកនៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជុំវិញពិភពលោក។ ប៉ុន្តែកម្ពុជា ក៏បានស្នើសុំកិច្ចសហការរួមគ្នាទប់ស្កាត់ការរាតត្បាតវីរុសកូវីដ១៩(COVID-19) ឱ្យខានតែបានជាមុនផងដែរ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ថោង ខុន ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំនេះ ភាគី US-ABC បានលើកសំណើជាច្រើន ដើម្បីស្វែងរកការជួយកម្ពុជា ជាពិ​សេសក្នុងវិស័យធុរកិច្ចទេសចរណ៍ នាកំលុងពេលកម្ពុជាជួបវិបត្តិ COVID-19 និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។

លោក Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងថា បច្ចុប្បន្ន US-ABC មានបណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកជាច្រើន នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកជាសមាជិក ហើយតាមរយៈកិច្ចប្រជុំនេះ US-ABC ស្នើសុំបង្កើតកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាធុរកិច្ចក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19។

លោកបន្តថា សម្រាប់កិច្ចប្រជុំនាពេលនេះ មានការចូលរួមដោយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនជាសមាជិក ដូចជា Google, Visa, Agoda, Expedia Group, និងក្រុមហ៊ុន Air nb ជាដើម ក្នុងគោលបំណងបង្កើតគំនិត និងការអនុវត្តល្អៗក្នុងការប្រយុទ្ធប្រឆាំងមេរោគ COVID-19 និងលើកផែនការបង្កើតកិច្ចសហប្រតិបត្តិការស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19 ត្រូវបានបញ្ចប់ និងស្នើបន្តកិច្ចសហការជាមួយកម្ពុជា ក្នុងវិស័យធុរកិច្ចទេសចរណ៍នៅឆ្នាំបន្តបន្ទាប់ទៀត។

ឆ្លើយតបនឹងសំណើនេះ លោក ថោង ខុន បានស្នើឱ្យ US-ABC បន្តសហការជាមួយផ្នែកជំនាញក្រសួងទេសចរណ៍កម្ពុជា ដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងវិស័យទេសចរណ៍ និងបានស្នើដល់ US-ABC ជំរុញសមាជិករបស់ខ្លួនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលកំពុងមានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងខ្លាំង៕

You can share this !

Loading...
អត្ថបទទាក់ទង