មន្ត្រីជំនាញ​ថា រ៉ែ ដែល​ពលរដ្ឋនៅ​ខេត្តព្រះសីហនុ ផ្អើល​នាំគ្នា​ទៅជីក​នោះ មិនមែន​ជា​រ៉ែមាសទេ

ព្រះសីហនុ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា លទ្ធផលពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា រ៉ែដែលប្រជាពលរដ្ឋខេត្តព្រះសីហនុ ផ្អើលនាំគ្នាទៅជីកនោះ មិនមែនជារ៉ែមាសនោះទេ គឺជាប្រភេទរ៉ែពីរីត ដែលជាបណ្ដុំនៃសមាសធាតុដែក និងស្ពាន់ធ័រប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយបណ្តាញផ្សព្វផ្សាយក្រសួងព័ត៌មាន។

លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា ទីតំាងដែលប្រជាពលរដ្ឋនាំគ្នាផ្អើលជីកកកាយដោយសង្ស័យថា ជារ៉ែមាស ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ គឺពុំមែនរ៉ែមាសនោះទេ បន្ទាប់ពីក្រុមអ្នកជំនាញ បានយកមកពិសោធន៍យ៉ាងល្អិតល្អន់។

លោកបញ្ជាក់ថា យោងតាមលទ្ធផលនៃមន្ទីរពិសោធន៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា តំបន់នោះ មិនមែនជារ៉ែមាសសុទ្ធនោះទេ គ្រាន់តែវាមានតិចតួចប៉ុណ្ណោះ ហើយគ្មានសក្ដានុពលសម្រាប់សេដ្ឋកិច្ច ឬមានតម្លៃអ្វីសម្រាប់ធ្វើអាជីវកម្មទេ ។

លោកអគ្គនាយក ក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយឈប់នាំគ្នាផ្សងព្រេង ទៅបន្តជីក ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ លោកបញ្ជាក់ថា ក្រុមការងារក្រសួង បានសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរក្សាតំបន់នោះទុកធ្វើការស្រាវជាវនៅពេលក្រោយបន្តទៀត ។

សូមបញ្ជាក់ថា កាលថ្ងៃទី១២ ខែមិថុនា មានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាជីកកកាយយករ៉ែ នៅចំណុចជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយពួកគាត់ឃើញដុំនោះ មានពន្លឺប្លែក ដោយសន្និដ្ឋានថាជារ៉ែមាសតៗគ្នា៕

You can share this !

Loading...
អត្ថបទទាក់ទង