កូរ៉េខាងជើង ផ្អាក​ផែនការ​ប្រើកម្លាំង​យោធា​ប្រឆាំង​កូរ៉េខាងត្បូង

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា  ប្រទេសកូរ៉េខាងជើង បានផ្អាកផែនការដែលថា នឹងចាត់វិធានការយោធាប្រឆាំងប្រទេសកូរ៉េខាងត្បូង។

ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការយោធាមជ្ឈិមដែលដឹកនាំដោយ លោក  គីម  ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ។

គណៈកម្មការយោធាមជ្ឈិមរបស់កូរ៉េខាងជើង បានសម្រេចផ្អាកផែនការប្រើកម្លាំងយោធាប្រឆាំងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានយកស្ថានការណ៍បច្ចុប្បន្ននេះទៅពិចារណា។

ភាពតានតឹង បានកើនឡើងរវាងប្រទេសទាំងពីរនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារក្រុមផ្ដាច់ខ្លួនពីកូរ៉េខាងជើងដែលកំពុងរស់នៅក្នុងកូរ៉េខាងត្បូង បន្តបង្ហោះខិត្តប័ណ្ណរិះគន់លោក  គីម  ចូលទៅក្នុងទឹកដីកូរ៉េខាងជើង។

ស្របពេលជាមួយគ្នានោះ  កូរ៉េខាងជើង បានគំរាមបញ្ជូនកងទ័ពចូលទៅក្នុងតំបន់គ្មានយោធាឡើងវិញដែលស្ថិតនៅព្រំដែនអន្តរកូរ៉េ។

ប្អូនស្រីរបស់ លោក គីម  ជុងអ៊ុន គឺអ្នកនាង  គីម  យូជុង  បានចេញបញ្ជាទៅកងទ័ពកាលពីជាងមួយសប្ដាហ៍មុន ដោយបានប្រកាសថា  កូរ៉េខាងជើង នឹងចាត់វិធានការយោធាប្រឆាំងកូរ៉េខាងត្បូង ពីព្រោះកូរ៉េខាងត្បូង បានបណ្ដែតបណ្ដោយឱ្យក្រុមសកម្មជនបន្តបង្ហោះខិត្តប័ណ្ណប្រឆាំងរបបកូរ៉េខាងជើងចូលមកក្នុងទឹកដីកូរ៉េខាងជើង៕

You can share this !

Loading...
អត្ថបទទាក់ទង