រញ្ជួយដី​ដ៏ខ្លាំង​វាយប្រហារ​ភាគខាងត្បូង​ម៉ិកស៊ិក​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច​៥នាក់​ស្លាប់

ប្រែសម្រួលដោយ៖ ហ៊ាង នីតា

ម៉ិកស៊ិក៖ ក្រុមមន្ត្រីម៉ិកស៊ិក បាននិយាយថា មនុស្សយ៉ាងហោច៥នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារ ព្រមទាំងបណ្តាលឱ្យមានការបាក់រលំអគារ និងជម្លៀសមនុស្សជាច្រើន។

រញ្ជួយដីដ៏ខ្លាំងក្លានោះ មានចំណុចកណ្តាលនៅជាង១០គីឡូម៉ែត្រពីភាគនិរតីនៃតំបន់មួយស្ថិតនៅក្នុងរដ្ឋវ៉ាអាកា (Oaxaca) ដែលជារដ្ឋសំបូរទៅដោយភ្នំ។

អភិបាលរដ្ឋវ៉ាអាកា (Oaxaca) បាននិយាយថា មន្ទីរពេទ្យជាច្រើនកន្លែងបានរងការខូចខាតដោយក្នុងនោះ រួមមានមន្ទីរពេទ្យចំនួន២ ដែលកំពុងព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩។

ការរញ្ជួយដីនេះ បានញ័ររញ្ជួយរហូតដល់រដ្ឋធានីម៉ិកស៊ីកូ ស៊ីធី (Mexico City) ដែលស្ថិតនៅចម្ងាយជាង៣០០គីឡូម៉ែត្រពីភាគខាងជើងនៃចំណុចកណ្តាលរញ្ជួយដីនោះ។

យោងតាមសេវាអង្កេតភូមិសាស្ត្ររបស់អាមេរិក, ការខូចខាតនៅក្នុងរដ្ឋវ៉ាអាកា (Oaxaca) ត្រូវបានគេចាត់ទុកថាស្ថិតក្នុងកម្រិតស្រាលទៅមធ្យម។

សូមរម្លឹកថា កាលពីឆ្នាំ២០១៧ រញ្ជួយដីដ៏មានឥទ្ធិពលបានវាយប្រហារប្រទេសនេះចំនួន២លើកនៅក្នុងរយៈពេល២សប្តាហ៍ដោយបង្កឱ្យមានការដួលរលំអគារ, ប្រេះផ្លូវ និងមនុស្សរាប់រយនាក់បានបាត់បង់ជីវិត៕

You can share this !

Loading...
អត្ថបទទាក់ទង