នាយករដ្ឋមន្ត្រី​សិង្ហបុរី ប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​បន្ទាន់

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក Lee Hsien Loong នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីថ្លែងសន្ទរកថា ដោយណែនាំឱ្យលោកស្រីប្រធានាធិបតី Halimah Yacob ធ្វើរំលាយសភា និងរៀបចំការបោះឆ្នោតបន្ទាន់មួយ នៅឆ្នាំ២០២០នេះ។

លោក Lee Hsien Loong បានឱ្យដឹងថា ការបោះឆ្នោតនេះ នឹងត្រូវបានរៀបចំប្រកបសុវត្ថិភាពសម្រាប់អ្នកបោះឆ្នោត ក៏ដូចជាយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ លោកបន្តថា ការបោះឆ្នោតនៅពេលនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលថ្មី ផ្ដោតលើរបៀបវារៈ និងការសម្រេចចិត្តលើកិច្ចការដែលមានការលំបាក ក្នុងស្ថានភាពបច្ចុប្បន្ន នៃវិបត្តិកូវីដ១៩។

សូមជម្រាបថា មុនសេចក្ដីណែនាំរបស់លោក Lee Hsien Loong សិង្ហបុរីគ្រោងនឹងធ្វើការបោះឆ្នោតនៅខែមេសា ឆ្នាំ២០២១ខាងមុខ។ ការបោះឆ្នោតបន្ទាន់នេះ មិនទាន់មានការបញ្ជាក់កាលបរិច្ឆេទនៅឡើយទេ៕

You can share this !

Loading...
អត្ថបទទាក់ទង