មេដឹកនាំ​ក្រុងហុងកុង ធានា​អះអាង​ជាថ្មី ពី​ច្បាប់​សន្តិសុខជាតិ

ហុងកុង៖ មេដឹកនាំក្រុងហុងកុង  លោកស្រី ខារី  ឡាំ  (Carrie Lam) បាននិយាយនៅថ្ងៃអង្គារនេះថា  លោកស្រី នឹងមិនរើសចៅក្រមឱ្យទទួលបន្ទុកដោះស្រាយរឿងក្ដីពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីរបស់ទីក្រុងនេះទេ ដែលនោះជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយក្តីបារម្ភ អំពីច្បាប់ដែលមានភាពចម្រូងចម្រាសនេះ។

លោកស្រី  ឡាំ  បាននិយាយថា  «ជំនួសមកវិញ ក្នុងនាមជានាយកប្រតិបត្តិ លោកស្រី នឹងតែងតាំងក្រុមប្រឹក្សាចៅក្រមសម្រាប់តុលាការទាំងអស់ ដោយផ្អែកលើការណែនាំពីស្ថាប័នតុលាការ។»

ប្រទេសចិនដីគោក បានប្រកាសថា  ច្បាប់សន្តិសុខជាតិដែលគេរំពឹងថា នឹងត្រូវបានអនុម័តនៅសប្តាហ៍ក្រោយនោះ  នឹងផ្តោតលើក្រុមអ្នកបង្កបញ្ហាមួយចំនួនតូចប៉ុណ្ណោះ ដោយសារថា ច្បាប់នេះមានគោលដៅទប់ទល់នឹងអបគមន៍,  វិទ្ធង្សនា,  អំពើភេរវកម្ម  និងការជ្រៀតជ្រែកពីបរទេសក្នុងក្រុងហុងកុង។

ទោះយ៉ាងណាសេចក្តីលំអិតពេញលេញនៃច្បាប់នេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ  ហើយលោកស្រី ឡាំ បានទទួលស្គាល់នៅថ្ងៃអង្គារនេះថា  លោកស្រី ក៏មិនទាន់បានមើលឯកសារនោះទាំងមូលដែរ។

ក្រុមអ្នករិះគន់មើលឃើញថា ច្បាប់នោះ ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតទៅលើរូបមន្ត «ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ» ដែលបានព្រមព្រៀងគ្នានៅពេលអតីតអាណានិគមអង់គ្លេស បានប្រគល់ក្រុងហុងកុង មកឱ្យប្រទេសចិនគ្រប់គ្រងវិញក្នុងឆ្នាំ១៩៩៧។

រូបមន្តនោះមានគោលបំណងធានានូវសេរីភាព  និងតួនាទីរបស់ក្រុងហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក៕

You can share this !

Loading...
អត្ថបទទាក់ទង