ឧបករណ៍​បំពងសម្លេង​សម្រាប់​ចាក់ផ្សាយ​ការឃោសនា​ផ្សេងៗ ត្រូវបាន​គេឃើញ​ដំឡើង​ឡើងវិញ​នៅ​កូរ៉េខាងជើង

ប្រែសម្រួលដោយ៖ ហ៊ាង នីតា

កូរ៉េខាងជើង៖ ឧបករណ៍បំពងសម្លេងសម្រាប់ចាក់ផ្សាយការឃោសនាផ្សេងៗនៅព្រំដែន ត្រូវបានគេឃើញដំឡើងឡើងវិញនៅក្នុងប្រទេសកូរ៉េខាងជើង ក្រោយពីវាត្រូវបានរុះរើចេញ ចាប់តាំងពីកូរ៉េទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីឆ្នាំ២០១៨ ដើម្បីបញ្ចប់រាល់សកម្មភាពអរិភាពមក។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានបដិសេធមិនអត្ថាធិប្បាយពាក់ព័ន្ធនឹងសកម្ម​ភាពនេះឡើយ ប៉ុន្តែបានអះអាងសាជាថ្មីនៅក្នុងសន្និសីទកាសែតថា ក្រុងព្យុងយ៉ាង នឹងត្រូវទទួលខុសត្រូវរាល់ផលវិបាកទាំងអស់ ប្រសិនបើគេនៅតែបន្តប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតសន្តិភាព។

គួរបញ្ជាក់ថា ភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីកូរ៉េខាងជើង បានបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េ, ប្រ​កាសបញ្ចប់កិច្ចចរចា និងគំរាមចាត់វិធានការយោធាដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះក្រុមអ្នកផ្តាច់ខ្លួនដែលបានបញ្ជូនខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង ចូលទៅកូរ៉េខាងជើង។

នៅថ្ងៃអង្គារដដែលនេះ សកម្មជនកូរ៉េខាងត្បូងមួយក្រុមតូច បានធ្វើការប្រមូលផ្តុំនៅតំបន់ព្រំដែនអន្តរកូរ៉េ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ចាត់វិធានការរារាំងកុំឱ្យក្រុមផ្តាច់ខ្លួនបញ្ជូនខិត្តប័ណ្ណឃោសនាចូលទៅកូរ៉េខាងជើង។

ក្រុមអ្នកផ្ដាច់ខ្លួនពីកូរ៉េខាងជើងដែលកំពុងរស់នៅក្នុងកូរ៉េខាងត្បូង បានបញ្ជូនខិត្តប័ណ្ណរិះគន់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងមហិច្ឆតារបស់មេដឹកនាំរូបនេះ ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។ ខិត្តប័ណ្ណរិះគន់ទាំងនោះ ជាទូទៅត្រូវបានភ្ជាប់ទៅនឹងប៉ោងប៉ោងរួចបង្ហោះឆ្លងព្រំដែនឬដាក់ក្នុងដបបណ្ដែតតាមទន្លេ៕

You can share this !

Loading...
អត្ថបទទាក់ទង