ក្រសួង​យុត្តិធម៌ ប្រកាស​លេខទូរស័ព្ទចំនួន​ពីរខ្សែ ដើម្បី​ឱ្យ​ពលរដ្ឋ​សួរនាំ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ

ភ្នំពេញ៖ លេខទូរស័ព្ទទំនាក់ទំនងចំនួនពីរខ្សែរដែលក្រសួងយុត្តិធម៌ បានប្រកាសនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នោះ គឺ ០១៧ ៦០៩ ៩៦០ និង ០៧៨ ៥៦៧ ៨១០។ លេខទូរសព្ទទាំងពីរខ្សែនេះ ដើម្បីឱ្យប្រជាពលរដ្ឋសួរនាំបញ្ហាកកស្ទះសំណុំរឿង និងដើម្បីភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានពីសាធារណជនពាក់ព័ន្ធនឹងការទំនាក់ទំនង និងផ្តល់ព័ត៌មានពីសាធារណជនទៅ គណៈកម្មាការ ដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស)។

សូមបញ្ជាក់ថា ការប្រកាសលេខទូរស័ព្ទទំនាក់ទំនងចំនួនពីរខ្សែនេះ បានធ្វើឡើងក្រោយពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាប់ផ្តើមធ្វើយុទ្ឋនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលារការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយបានបែងចែកក្រុមការងារជា ៤ក្រុម ហើយលោកបានអះអាងថា នឹងទទួលបានជោគជ័យលើកកិច្ចការនេះ។ ក្រុមការងារទាំង ៤នេះ មានលេខាធិការដ្ឋានមួយសម្រាប់ជួយដល់ផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ។

សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន ៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)។ ក្នុងនោះ នៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿងក្នុងមួយខែ ដែលបានធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញមិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯង។

ទន្ទឹមនឹងការប្រកាសដាក់ចេញយុទ្ធនាការនេះ លោក កើត រិទ្ធ បានណែនាំប្រធានសាលាដំបូងរាជធានី-ខេត្ត ផ្តោតទៅលើគោលការណ៍នៅក្នុងដំណាក់កាលអយ្យការ, គោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ និងគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះក្តី៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង