អាជ្ញាធរជាតិ​អប្សរា លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋក្នុង​ឧទ្យាន​អង្គរ​សង់​លំនៅដ្ឋាន​គំរូ​ខ្មែរបុរាណ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍ និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។

អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ លោក ស៊ឹម ប៊ុនធឿន មានប្រសាសន៍ថា រាល់ពលរដ្ឋ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអនុញ្ញាត មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នឹងចុះដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីជួយផ្ដល់ជាបច្ចេកទេសក្នុងការសង់លំនៅដ្ឋាន ដើម្បីឱ្យសមស្របតាមគំរូផ្ទះបែបខ្មែរ។

លោកបញ្ជាក់ទៀតថា ផ្ទះខ្មែរជាប្រភេទសំណង់ស្រាល ដែលងាយស្រួលសាងសង់ មិនតម្រូវឱ្យជីកដី ឬជីកគ្រឹះ ដែលអាចមានការប៉ះពាល់ដល់បុរាណវត្ថុដែលកប់ក្នុងដីឡើយ។ ចំណែក សោភ័ណ្ឌភាព មានតម្លៃសម្រាប់ទេសភាពវប្បធម៌។
ផ្ទះខ្មែរមានលក្ខណៈចំហនៅផ្នែកខាងក្រោមសម្រាប់ខ្យល់បក់ចេញចូល ដាក់សម្ភារកសិកម្ម ចងគោ ក្របី ចិញ្ចឹមសត្វផ្សេងៗ ហើយមនុស្សរស់នៅក្រោមផ្ទះជាប្រចាំនៅពេលថ្ងៃ ជាន់ខាងលើសម្រាប់សម្រាកនៅពេលយប់។ ខ្មែរយើងមិនសាងសង់ផ្ទះតៀមទេ។ ការសាងសង់ផ្ទះបែបនេះ វាសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុក្តៅ កត្តាជីវភាពរស់នៅ និងជំនឿ ជាដើម។

សូមបញ្ជាក់ថា តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ប្រភេទគំរូផ្ទះដែលគេតែងឃើញប្រជាពលរដ្ឋខ្មែរសាងសង់មានដូចជា ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះរោងឌឿង និង ផ្ទះកន្តាំងជាដើម។ បច្ចុប្បន្ន ទោះបីជាវិទ្យាសាស្ត្រផ្នែកសំណង់បានរីកចម្រើនខ្លាំងក៏ពិតមែន ប៉ុន្តែប្រជាជនខ្មែរភាគច្រើន តែងនិយមសង់ផ្ទះសំបែងរបស់ខ្លួនតាមគំរូក្បួនខ្នាតពីបុព្វបុរសខ្មែរដដែល គ្រាន់តែការវិវឌ្ឍផ្តាស់ប្តូរសម្ភារសំណង់មួយចំនួនដើម្បីកាត់បន្ថយពីការប្រើប្រាស់ឈើច្រើនមកឈើតិច ឬជំនួសដោយថ្ម ឥដ្ឋ ដែក ស្មាតបត (Smart board wall) ទៅវិញ។ សម្ភារទំនើបទាំងអស់នេះថ្វីត្បិតជាសម្ភារទំនើបមែន ក៏ប៉ុន្តែវាអាចយកមកប្រើប្រាស់ការសាងសង់សំណង់ និងបង្ហាញពីអត្តសញ្ញាណផ្ទះខ្មែរ។

អ្នកស្រី យឿន សុខា ជាអ្នកភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប មានប្រសាសន៍ថា គាត់បានស្នើសុំលក្ខណៈបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះបែបខ្មែរបុរាណដោយប្រើសម្ភារទំនើបដូចជា ដែក ស្មាតបូត ដែលចំណាយអស់ថវិកាតិចជាងសម្ភារធ្វើពីឈើ តែរក្សារូបរាងជាផ្ទះបែបខ្មែរដដែល។ ស្រ្តីដដែលបញ្ជាក់ទៀតថា ការសាងសង់ផ្ទះបែបខ្មែរដូច្នេះងាយស្រួលរស់នៅជាងផ្ទះតៀម ថែមទាំងបានចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌ និងលើកគុណតម្លៃបេតិកភណ្ឌជាតិផង។ អ្នកស្រីក៏ចង់ឱ្យ ពលរដ្ឋដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ រើសយកការសង់ផ្ទះ បែបខ្មែរបុរាណទាំងអស់គ្នា៕

You can share this !

Loading...
អត្ថបទទាក់ទង