អង្គការ​សុខភាព​ពិភពលោក៖ តើ​អង្គការ​នេះ​ធ្វើការ​លើ​អ្វីខ្លះ និង​ដំណើរការ​យ៉ាង​ដូចម្ដេច?

ថ្មីៗនេះ សហរដ្ឋអាមេរិក បានធ្វើការបង្កកមូលនិធិសម្រាប់អង្គការសុខភាពពិភពលោក (WHO) ដោយចោទប្រកាន់អង្គការនេះថា ជាអាយ៉ងរបស់ប្រទេសចិន និងរិះគន់ WHO ថា មិនបានខិតខំទាញចំណាប់អារម្មណ៍របស់ពិភពលោក ទៅលើបញ្ហាកូវីដ១៩ ឱ្យបានទាន់ពេលវេលា។ ការសម្រេចចិត្តរបស់អាមេរិក បានបង្កឱ្យមានការមតិជាច្រើនពីអន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបានចាត់ទុកពេលវេលានេះ គឺជាពេលដ៏សំខាន់ មិនគួរណាបង្កកមូលនិធិរបស់អង្គការ WHO ឡើយ។ ប៉ុន្តែតើអង្គការ WHO បានធ្វើអ្វីខ្លះ? ហើយមូលហេតុអ្វី បានជាការបង្កកមូលនិធិរបស់សហរដ្ឋអាមេរិក អាចបង្កបញ្ហាសម្រាប់ដំណើរការនៃស្ថាប័នមួយនេះ?

អង្គការសុខភាពពិភពលោក ជាទីភ្នាក់ងារមួយ របស់អង្គការសហប្រជាជាតិ។ អង្គការ WHO ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោយពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៤៨ ដែលបច្ចុប្បន្នគឺជាថ្ងៃទិវាសុខភាពពិភពលោក។ អង្គការមួយនេះ បានដើរតួរជាច្រើននៅលើឆាកអន្តរជាតិ រួមមាន ការគាំទ្រការថែទាំសុខភាពជាសាកល ការតាមដានហានិភ័យសុខភាពសាធារណៈ ចាត់ចែងស្ដង់ដារនិងសេចក្ដីណែនាំផ្នែកសុខភាព សហប្រតិបតិការអន្តរជាតិឆ្លើយតបនឹងភាពអាសន្នផ្នែកសុខភាព ប្រឆាំងនឹងជំងឺឆ្លង និងលើកកម្ពស់ការទទួលបានអាហារូបត្ថម្ភ ផ្ទះសម្បែង និងអនាម័យ នៅក្នុងនាមជាស្ថាប័នផ្ដល់នូវសុខុមាលភាពទូទៅសម្រាប់ប្រជាជនលើពិភពលោក។ ដោយមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អង្គការសុខភាពពិភពលោក មានបុគ្គលិកប្រហែល ៧ពាន់នាក់ ដែលបម្រើការនៅការិយាល័យធំប្រចាំតំបន់ទាំង៦ និងការិយាល័យតូចៗចំនួន ១៥០ ទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ដែលជាអតីតរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសអេត្យូពី ដែលបានឡើងកាន់តំណែងជាអគ្គនាយកអង្គការ WHO រយៈពេល ៥ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០១៧មកម្ល៉េះ។

អង្គការ WHO បានសម្រេចសមិទ្ធផលដោយការកាត់បន្ថយជំងឺរបេង និងគ្រុនចាញ់ ដោយការដាក់ចេញនូវកម្មវិធីវ៉ាក់សាំង និងស្ទើរតែលុបបំបាត់ទាំងស្រុងនូវជំងឺស្វិតដៃជើង។ WHO បានប្រឆាំងនឹងជំងឺអុតធំ នៅឆ្នាំ១៩៥៨ នៅពេលដែលខ្លួន បានផ្ដួចផ្ដើមគម្រោងជាសាកល ស្របពេលដែលមនុស្ស ២លានលាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺនេះ។ ប៉ុន្តែនៅឆ្នាំ១៩៧៩ អង្គការ WHO បានប្រកាសពីការលុបបំបាច់ទាំងស្រុងនូវជំងឺអុតធំ។

យ៉ាងណាក៏ដោយ អង្គការមួយនេះ ត្រូវបានរងការរិះគន់ ចំពោះភាពយឺតយ៉ាវ ក្នុងការឆ្លើយតបនឹងជំងឺអ៊ីបូឡានៅអាហ្វ្រិកខាងលិច ក្នុងឆ្នាំ២០១៤-១៥ បណ្ដាលឱ្យស្លាប់មនុស្សជាច្រើន និងមិនចាំបាច់។ របាយការណ៍ឯករាជ្យមួយដែលដឹកនាំការសិក្សាដោយអគ្គនាយក Margaret Chan បានអះអាងថា អង្គការនេះ មិនត្រូវបានផ្ដល់មូលនិធិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។ ប៉ុន្តែតើថវិកាសម្រាប់ប្រតិបត្តិការរបស់ WHO បានមកពីណា ហើយត្រូវការប៉ុន្មាន?
អង្គការសុខភាពពិភពលោក ទទួលមូលនិធិពីប្រភពជាច្រើន។ ៥១% នៃមូលនិធិ បានមកពីការបរិច្ចាគរបស់រដ្ឋជាសមាជិកចំនួន ១៩៤ ខណៈ ១៦% បានមកពីអង្គការសហប្រជាជាតិ (UN) អង្គការអន្តររដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍ ហើយ ១៥% បានមកពីមូលនិធិសម្បុរសធម៌។ ក្រៅពីនេះ មូលនិធិសម្រាប់ WHO បានមកពីអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនជាដើម។

នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានក្លាយជាអ្នកមានចំណែកធំបំផុត ក្នុងការបរិច្ចាគមូលនិធិសម្រាប់អង្គការសុខភាពពិភពលោក ដោយផ្ដល់ទឹកប្រាក់ ៤១៩លានដុល្លារ ឬស្មើនឹង ១៦% នៃចំណូលសរុបរបស់ WHO (ប្រភពធំទី២ គឺមូលនិធិរបស់លោក Bill Gates មហាសេដ្ឋីបច្ចេកវិទ្យា និងភរិយារបស់លោក ស្មើនឹង ៩,៨%)។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសបង្កកមូលនិធិរបស់អាមេរិក ស្របពេលដែល អង្គការ WHO ប្រកាសត្រូវការលុយចាក់បញ្ចូល ៦៧៥លានដុល្លារទៀត ដើម្បីប្រយុទ្ធនឹងមេរោគកូរ៉ូណា។ អង្គការនេះ ត្រូវបានរំពឹងថា នឹងដំឡើងដល់ ១ពាន់លានដុល្លារ នៅពេលខាងមុខ ដើម្បីប្រយុទ្ធនឹងជំងឺនេះ។ ការសម្រេចរបស់អាមេរិក ក្នុងការបង្កកមូលនិធិរយៈពេល ៦០-៩០ថ្ងៃ កើតឡើងចំពេលដ៏លំបាក និងបានបង្កឱ្យមានភាពចម្រូងចម្រាស រហូតមានការលើកឡើងថា នេះជា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទូចឱ្យមានការសហការគ្នាជាធ្លុងមួយ ដើម្បីបញ្ឈប់ការរាតត្បាតនៃវីរុសកូរ៉ូណា ឬកូវីដ១៩ ហើយអង្គការសុខភាពពិភពលោក ត្រូវតែមានការគាំទ្រ ព្រោះវាជារឿងចាំបាច់សម្រាប់កិច្ចប្រឹងប្រែងរបស់ពិភពលោក ក្នុងការយកឈ្នះសង្គ្រាមប្រឆាំងកូវីដ១៩។

សហរដ្ឋអាមេរិក បានសម្រេចបង្កកមូលនិធិសម្រាប់អង្គការ WHO ដែលបានជំរុញឱ្យចក្រភពអង់គ្លេស ដែលមានចំណែកធំទី៣ក្នុងការបរិច្ចាគមូលនិធិ WHO បានប្រកាសចាក់បញ្ចូលថវិកាចំនួន ៦៥លានដុល្លារអាមេរិកទៀត សម្រាប់អង្គការនេះ ប៉ុន្តែជំរុញឱ្យ WHO យកចិត្តទុកដាក់សិក្សាពីមេរៀន ក្នុងអំឡុងវិបត្តិកូវីដ១៩។

មានការចោទថា អង្គការ WHO មានវិធានការយឺតក្នុងការឆ្លើយតបនឹងបញ្ហាកូវីដ១៩ ប៉ុន្តែសេចក្ដីប្រកាសភាពអាសន្នរបស់ WHO បានធ្វើឡើងតាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ពោលគឺមុន២ខែ នៃការបិទប្រទេសមួយចំនួន នៅលោកខាងលិច ខណៈលោកអគ្គនាយក WHO បានព្រមានផងដែរ ចំពោះប្រទេសដែលមិនមានវិធានការអាសន្នទុកជាមុន៕

You can share this !

Loading...
អត្ថបទទាក់ទង