រដ្ឋបាល​រាជធានីភ្នំពេញ កំពុង​សិក្សា​គម្រោង​សាងសង់​ផ្លូវឆ្លងកាត់​ក្រោមដី ៣ទីតាំង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាននិង​កំពុង​ធ្វើការ​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​ឆ្លងកាត់​ក្រោម​ដី​ចំនួន​ ៣ ​ទីតាំង ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍។ នេះបើយោងតាមការលើកឡើងដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ទីតាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលរំដោះចរា​ចរណ៍ដែលតែងតែកកស្ទះនៅតាមតំបន់ទាំងនោះ។

ផ្លូវឆ្លងកាត់ក្រោមដីទាំង ៣ ទីតាំងនោះ រួមមាន គម្រោងផ្លូវក្រោមដីដែលឆ្លងកាត់ផ្លូវជាតិលេខ ១ ដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ គម្រោងទី ២ ផ្លូវក្រោមដីនៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស (IFL) តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងគម្រោងទី ៣ ស្ថិតនៅម្ដុំក្ដាន់ ២ ជិតក្រសួងការពារជាតិ។

លោកអភិបាលរាជធានីភ្នំពេញ បានបន្ដថា លោកបានស្នើទៅក្រុមហ៊ុនបុរី ប៉េង ហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដី ដែលឆ្លងកាត់ពីបុរីប៉េងហួត (បឹងស្នោ) មកផ្លូវជាតិលេខ ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ៕

You can share this !

Loading...
អត្ថបទទាក់ទង