នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ ត្រូវបាន​បញ្ចប់​តំណែង ក្រោយ​ផឹកស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែងលោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយបើករថយន្តទាំងស្រវឹងកាលពីសប្តាហ៍កន្លងទៅ បុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង។

សូមបញ្ជាក់ថា លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំ កាលពីវេលាម៉ោង ៩ : ១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ រួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យ​លាក់ បណ្តាលឱ្យខូចខាតយ៉ាងដំណំ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខណ:ដែលគាត់មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង។

អ្វីដែលធ្វើឱ្យកាន់តែភ្ញាក់ផ្អើលទៀតនោះ លោក រុំ សុវិជ្ជា បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗ ទៅអភិបាលខេត្តកំពង់ធំ លោក សុខ លូ ថានៅទីតាំងកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ។ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុ មានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។

គួររម្លឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង បានចេញលិខិតព្រមានលើកទី១រួចម្តងមកហើយ ដោយសារតែធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន និងបានបញ្ជាក់ថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

You can share this !

Loading...
អត្ថបទទាក់ទង