ព្យុះស៊ីក្លូន អាំផាន បាន​បក់បោក​ឆក់យក​ជីវិត​មនុស្ស​យ៉ាងតិច ៨៥នាក់ នៅ​ឥណ្ឌា និង​បង់ក្លាដេស

បរទេស៖ ព្យុះស៊ីក្លូន អាំផាន (Amphan) បានសម្លាប់មនុស្សជាង ៨៥នាក់ នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដេស ព្រមទាំងបង្ខំឱ្យប្រជាជនរាប់លាននាក់ ជម្លៀសពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីព្យុះនេះ បានបញ្ចេញឥទ្ធិពលរបស់ខ្លួន ចាប់តាំងពីថ្ងៃពុធកន្លងមក។

នៅក្នុងរដ្ឋវេសបេនហ្គាល់ (West Bengal) នៃប្រទេសឥណ្ឌា បានទទួលរងឥទ្ធិពលព្យុះស៊ីក្លូន អាំផាន ធ្ងន់ធ្ងរ បណ្ដាលឱ្យបំផ្លិតបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង ដំណាំ និង ហេដ្ឋារចនាសម្ព័ន្ធ ខណៈទីក្រុង កុលកាតា (Kolkata) ទទួលរងកម្រិតទឹកភ្លៀងច្រើន និងខ្យល់ដែលមានល្បឿន ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះស៊ីក្លូន អាំផាន បានចាប់ផ្ដើមកកើតនៅឆកសមុទ្រ បេនហ្គាល់ ដែលជាព្យុះតំបន់ត្រូពិកដ៏ខ្លាំងក្លា មួយនៅក្នុងកំណត់ត្រានៅមហាសមុទ្រឥណ្ឌា។

មនុស្សប្រមាណ ៣លាននាក់ បានជម្លៀសពីលំនៅឋានរបស់ពួកគេ នៅឥណ្ឌា និងប្រទេសបង់ក្លាដេស មុនព្យុះបានទៅដល់។ ព្យុះនេះ បានកើតឡើង ស្របពេលដែលប្រទេសទាំងពីរ កំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ ដែលបង្កឱ្យមានក្ដីបារម្ភចំពោះការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ នៅពេលដែលមនុស្សនាំគ្នាស្នាក់នៅទីជម្រកបណ្ដោះអាសន្ន ដើម្បីគេចពីព្យុះស៊ីក្លូន អាំផាន ៕

ប្រភព៖ Washington Post

ប្រែសម្រួល៖ លាភ

You can share this !

Loading...
អត្ថបទទាក់ទង