ក្រសួងការបរទេស បាន​ធ្វើ​កំណត់​ទូតតវ៉ា ក្រោយ​ភាគី​វៀតណាម បោះតង់​ចំនួន ៣១កន្លែង នៅក្នុង​តំបន់​មិនទាន់​ឯកភាពគ្នា

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាមួយ ទៅកាន់ភាគីវៀតណាម ដោយស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានលើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា (តំបន់ស) ខណៈភាគីវៀតណាម បានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ក្នុងនោះបានរុះរើតង់ចេញវិញ ចំនួន៣កន្លែង នៅសស់ ២៨កន្លែងទៀតមិនទាន់រុះរើ។

ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នៅថ្ងៃទី២១ ខែឧសភា លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា  កម្ពុជា បានធ្វើកំណត់ទូតតវ៉ា ទៅភាគីវៀតណាមរួចហើយ កាលពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ។

លោក កុយ គួង បានឱ្យដឹងថា កម្ពុជា បានចាត់ទុកវត្តមានរបស់យោធាវៀតណាម នៅតាមបណ្ដោយព្រំដែន ដែលមិនទាន់បានឯកភាពគ្នា គឺបានរំលោភចំណុចទី៨ នៃសេចក្ដីប្រកាសរួមកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌ ទី៥ ប្រការ៣ នៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ក៏ដូចជារំលោភកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ការចរចា ដោយភាគីកម្ពុជា និងវៀតណាម ។

លោក កុយ គួង បានឱ្យដឹងបន្ថែមទៀតថា តាមកំណត់ទូតនោះ កម្ពុជា ស្នើឱ្យភាគីវៀតណាម រុះរើតង់ទាំងអស់ និងដកកម្លាំងចេញពីតំបន់ដែលមិនទាន់បានកំណត់ព្រំដែនច្បាស់លាស់ និងបញ្ឈប់នូវរាល់សកម្មភាពនានាជាបន្ទាន់ ព្រមទាំងរក្សាបរិស្ថានភូមិសាស្ត្រ នៅក្នុងតំបន់ទាំងអស់នោះ ឱ្យនៅដូចសភាពដើម រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ កំណត់ច្បាស់លាស់នូវ ខ្សែបន្ទាត់ព្រំដែនក្នុងតំបន់ទាំងនោះ។

បើតាមរបាយការណ៍ បានឱ្យដឹងថា ភាគីវៀតណាម បានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ដែលជាប់ព្រំដែនជាមួយស្រុកលើកដែក/ ស្រុកកោះធំ ក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង របស់វៀតណាម ។ កន្លងមកនេះភាគី វៀតណាម បានរុះរើតង់ចេញវិញចំនួន៣កន្លែងប៉ុណ្ណោះ ហើយនៅសស់២៨កន្លែងទៀត ដែលមិនទាន់រុះរើចេញ ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មាន ព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ៕

You can share this !

Loading...
អត្ថបទទាក់ទង