កម្ពុជា កំពុង​សម្លឹង​ទៅ​ការកាត់បន្ថយ​ការនាំចូល​ជ្រូក​ពី​បរទេស ខណៈ​មួយឆ្នាំៗ កម្ពុជា បាន​ខាតបង់​ប្រមាណ ៤០០លានដុល្លារ

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ លោក តាន់ សុផាន់ណារ៉ា បានអះអាងថា កម្ពុជា អាចនឹងលែងពឹងផ្អែកការនាំចូលទាំង​ស្រុងនូវសត្វជ្រូកពីបរទេស ក្នុងរយៈពេល ២ ឬ៣ឆ្នាំខាងមុខ ប្រសិនបើគ្មានជួបបញ្ហាជំងឺរាតត្បាត ប៉ះពាល់ដល់ការចិញ្ចឹមសត្វ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែឧសភា លោក តាន់ សុផាន់ណារ៉ា ក៏បានបញ្ជាក់ថា ក្រសួងកសិកម្ម បានសម្រេចបិទការនាំចូលសត្វ ទៅខេត្តព្រះសីហនុ ដើម្បីឱ្យសហគមន៍ចិញ្ចឹមសត្វ ក៏ដូចជាកន្លែងចិញ្ចឹមសត្វធំៗ អាចផ្គត់ផ្គង់នៅទីនោះបានផងដែរ ខណៈនៅខេត្តព្រះសីហនុ មានតម្រូវការនាំចូលជ្រូក ១៤០ក្បាលក្នុង១ថ្ងៃ។

លោក តាន់ សុផាន់ណារ៉ា បានដឹងបន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យកាត់បន្ថយការនាំចូលសត្វជ្រូករស់ពីបណ្ដាប្រទេសជិតខាង ឃើញថាបច្ចុបប្បន្ននេះ ស្ថានភាពនៃការចិញ្ចឹមជ្រូក ក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សំគាល់។

ទាក់ទិននឹងការនាំចូលជ្រូកពីបរទេសនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ក្នុង១ឆ្នាំៗ កម្ពុជា ត្រូវបានខាតបង់ប្រាក់ប្រហែលជាង ៤០០លានដុល្លារពីការនាំចូលសត្វជ្រូក។

ជាមួយគ្នានោះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានអំពាវនាវដល់អ្នកនាំចូល ក៏ដូចជាអ្នកចិញ្ចឹមសត្វទាំងអស់ មកធ្វើការវិនិយោគនៅស្រុកឱ្យបានច្រើន ព្រោះថាវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា មានឱកាសធំណាស់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្លៃសត្វជ្រូករស់នៅពេលបច្ចុប្បន្ននេះ មានស្ថិរភាពល្អ ចន្លោះពី ១១០០០-១២០០០រៀល ដែលបង្ហាញថា ចំណាត់ការរបស់ក្រសួងកសិកម្ម លើការរឹតបន្តឹងការនាំចូលជ្រូក ធ្វើឱ្យវិស័យចិញ្ចឹមជ្រូករស់ឡើងវិញ។

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ន នៅកម្ពុជា មានសមត្ថភាពផ្គត់ផ្គង់ទីផ្សារជ្រូក ក្នុងស្រុកប្រមាណ៨២ភាគរយ តម្រូវការនាំចូលមានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះ។ សត្វជ្រូក ដែលកំពុងចិញ្ចឹមទាំងអស់នៅកម្ពុជា មានចំនួន ២.៣លានក្បាល៕

You can share this !

Loading...
អត្ថបទទាក់ទង