ចិន ប្រតិកម្ម​នឹង​អាមេរិក ដែល​គ្រោង​លក់​មីស៊ីល​ប្រឆាំង​នាវា ទៅឱ្យ​តៃវ៉ាន់

ប៉េកាំង៖ ក្រសួងការបរទេសនៃប្រទេសចិន បានបង្ហាញនូវប្រតិកម្មជុំវិញគម្រោងលក់មីស៊ីលប្រឆាំងនាវា (Torpedo) ពីសំណាក់អាមេរិក ទៅឱ្យកោះតៃវ៉ាន់។

នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង ថា ចិនប្រកាន់ជំហរប្រឆាំងដាច់ខាត ចំពោះការលក់សព្វាវុធរបស់អាមេរិក ទៅឱ្យកោះតៃវ៉ាន់។

សូមជម្រាបថា រដ្ឋាភិបាលអាមេរិក បានស្នើសភា ក្នុងការលក់គ្រាប់មីស៊ីលប្រឆាំងនាវា ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ១៨០លានដុល្លារអាមេរិក ដែលបានបង្កឱ្យមានប្រតិកម្មពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលអះអាងថា កោះតៃវ៉ាន់ ជាដែនអធិបតេយ្យភាពរបស់ខ្លួន។

កាលពីថ្ងៃពុធកន្លងទៅ ក្រសួងការបរទេសអាមេរិក បានយល់ព្រមលើការលក់ទៅឱ្យតៃវ៉ាន់ នូវ មីស៊ីល MK-48 Mod6 ប្រភេទទម្ងន់ធ្ងន់ និងឧបករណ៍ដែលពាក់ព័ន្ធ។ សេចក្ដីប្រកាសពីអាមេរិក បានធ្វើឡើងបន្ទាប់ពី លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានស្បថចូលកាន់តំណែងក្នុងអាណត្តិទី២ ក្រោយឈ្នះក្នុងបោះឆ្នោត ដើម្បីបន្តប្រឆាំងនឹងការអះអាងរបស់ទីក្រុងប៉េកាំង ថា តៃវ៉ាន់ជាដែនអធិបតេយ្យភាពរបស់ខ្លួន។ ដោយឡែក ចិន បានធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ នៅជិតកោះតៃវ៉ាន់ ក្រោយលោកស្រីជាប់ឆ្នោតអាណត្តិទី២៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

You can share this !

Loading...
អត្ថបទទាក់ទង