ករណីឆ្លង​វីរុស​កូវីដ១៩​ជាចង្កោម ចេញពី​ក្លិបកម្សាន្តនៅ​កូរ៉េខាងត្បូង ឡើងដល់​ជាង ២០០នាក់ហើយ

កូរ៉េខាងត្បូង៖ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្នករណីឆ្លងវីរុសកូវីដ១៩ជាចង្កោម ចេញពីក្លិបកម្សាន្តមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល បានកើនឡើងដល់ ២០១នាក់ហើយ ខណៈដែលមនុស្សរាប់ម៉ឺននាក់ទៀតដែលមានជាប់ពាក់ព័ន្ធនឹងករណីនេះ កំពុងត្រូវបានធ្វើតេស្តិ៍។ 

ករណីឆ្លងដំបូងនៅក្នុងក្លិបកម្សាន្តក្នុងសង្កាត់អ៊ីតែវុន (Itaewon) នោះត្រូវបានគេរកឃើញកាលពីថ្ងៃទី០៩ ខែឧសភា មកម្ល៉េះ។ បន្ទាប់មកអាជ្ញាធរ បានប្រើប្រាស់ទិន្នន័យពីកាតឥណទាន, ទូរស័ព្ទដៃ និងវិធីផ្សេងៗទៀត ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលបានទៅក្លិបកម្សាន្តនោះ។

អាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញថា អ្នកឆ្លងកូវីដ១៩ម្នាក់ក្នុងចង្កោម ចេញពីក្លិបកម្សាន្តនោះ ក្រោយចូលបន្ទប់ការ៉ាអូខេមួយទៀតនៅក្នុងទីក្រុងអ៊ីនឆ័ន (Incheon) ។ ក្រោយមក មានសិស្សសាលាវិទ្យាល័យ២នាក់ បានចូលបន្ទប់ការ៉ាអូខេនោះដែរ ហើយក៏បានឆ្លង និងចម្លងវីរុសកូវីដ១៩ទៅក្រុមគ្រួសាររបស់ពួកគេ។

កាលពីម្សិលមិញ វិទ្យាល័យសរុបចំនួន៦៦កន្លែងនៅក្នុងទីក្រុងអ៊ីនឆ័ន (Incheon) ត្រូវបានបិទ ហើយសិស្សទាំងអស់ ត្រូវសិក្សាតាមប្រព័ន្ធអនឡាញវិញ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងមានអ្នកឆ្លងវីរុសកូវីដ១៩ សរុបជាង ១ម៉ឺន ១ពាន់នាក់ និងអ្នកបាត់បង់ជីវិត ២៦៤នាក់៕

You can share this !

Loading...
អត្ថបទទាក់ទង