៤​ខែ​ នគរបាល​ ឃាត់ខ្លួន​​មនុស្ស​​ជាង​ ៧​០០០​នាក់​ ពាក់ព័ន្ធ​នឹង​​គ្រឿងញៀន​ ដោយ​​ក្នុង​នោះ​​ជនបរទេស​​ជាង​ ១០០នាក់​

​​ភ្នំពេញ​ ៖​ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ជាង ​៧០០០​នាក់ ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ និង​គ្រឿងញៀន​ជិត​ ២​០០​គីឡូក្រាម​ ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ​២០២០​នេះ​ ខណៈ​មាន​ជនបរទេស​ជាង​ ១០០​នាក់​ដែរ​ដែល​បាន​ពាក់ព័ន្ធ​។​

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​បូក​សរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ ៤​ខែ​ ដើមឆ្នាំ​២០២០​ និង​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ បាន​ឱ្យ​ដឹង​ថា​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ចាប់ពី​ខែមករា​ ដល់​ខែមេសា​ ឆ្នាំ​២០២០​នេះ​ សមត្ថកិច្ច បង្ក្រាបបាន​ចំនួន ​៣៥៧២​ករណី​ ឃាត់​មនុស្ស​បាន​ចំនួន​៧០៤១​នាក់​ ស្ត្រី​ចំនួន​៤៣៥​នាក់​ ក្នុង​នោះ​ អ្នក​ជួញដូរ ​២១៤៣​ករណី​ ឃាត់ខ្លួន​ចំនួន ​៣៩៣៣​នាក់​។​

របាយការណ៍​ បាន​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ប្រតិបត្តិការ​នោះ ​ក៏​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១១៤​នាក់​ ផង​ដែរ​ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ ក្នុង​នោះ ​មាន​ជនជាតិ​វៀតណាម​ចំនួន​៧៥​នាក់​ ចិន​ ២១​នាក់​ ថៃ​ ៥​នាក់​ ឡាវ​៣​នាក់​ ហ្វី​លី​ពី​ន​២​នាក់​ សិង្ហ​បូ​រី​២​នាក់​ អង់គ្លេស​២​នាក់​ ជប៉ុន​១​នាក់​ ឥណ្ឌូ​នេ​ស៊ី​១​នាក់​ ហុងកុង​១​នាក់​ និង​ភូមា​១​នាក់​។​ ដោយឡែក​ គ្រឿងញៀន​ ដែល​ចាប់​បាន​ក្នុង​រយៈពេល​ ៤ខែ​មកនេះ​ គឺ​មាន​ចំនួន​ជាង​ ១៩២​គីឡូក្រាម​ និង​កញ្ឆា​ស្រស់​ ចំនួន​១៨០,៤៩០​ដើម​ និង​កញ្ឆា​ស្ងួត​ចំនួន​ ២២៥​គីឡូក្រាម​ ។​

​បើ​តាម​ការ​បញ្ជាក់​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​លើក​ឡើង​ទៀត​ថា​ ករណី​ធំៗ​ចាប់ពី​មួយ​រយ​ក្រាម​ ឡើង​ទៅ​ ក្នុង​រយៈពេល​៤​ខែ​នេះ​ សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បាន​ចំនួន ​៥៩​ករណី​ ឃាត់ខ្លួន​ ១២៧​នាក់​ ស្រី​១៤​ នាក់​ ក្នុង​នោះ​មាន​មេ​ក្លោ​ង ​២៧​នាក់​ និង​បណ្តាញ​ចំនួន​១០០​នាក់​ រឹបអូស​គ្រឿងញៀន​បាន​ជាង​ ១៦៩​គីឡូក្រាម​ និង​បញ្ជូន​ទៅ​តុលាការ​ជាង​២០​នាក់​ ។​

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ​ ក៏​បាន​ជម្រុញ​ដល់​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទាំងអស់​ បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែម​ទៀត​ ចំពោះ​បទបញ្ជារ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ក្នុង​កិច្ចការ​បង្ក្រាប​គ្រឿងញៀន​នេះ​ប្រកបដោយ​វិជ្ជាជីវៈ​នគរបាល​ និង​មិន​ត្រូវ​លើក​លែ​ក​​ចំពោះ​អ្នក​ពាក់ព័ន្ធ​នោះ​ឡើយ​ ខណៈ​គ្រឿងញៀន​នេះ​ បាន​កំពុង​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ក្នុង​សង្គម​ និង​ប្រទេស​ជាតិ​ទាំងមូល​នោះ​ ។​

នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ ក៏​បាន​ណែ​នា​ឱ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បង្កើន​ការ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​វិជ្ជាជីវៈ​ដល់​មន្ត្រី​ផង​ដែរ​ ៕

You can share this !

Loading...
អត្ថបទទាក់ទង