គម្រោង​ស្ថាបនា​ឡើងវិញ​ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ជិតបញ្ចប់​ជា​ស្ថាពរហើយ គឺ​នៅសល់​តែ​ជាង២០ភាគរយ​ទៀត​ប៉ុណ្ណោះ

ភ្នំពេញ៖ ការស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៣ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ជិតរួចរាល់ជាស្ថាពរហើយ គឺនៅសល់តែប្រមាណជាង ២០ភាគរយទៀតប៉ុណ្ណោះ នេះបើតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ បានឱ្យដឹងថា ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត មានប្រវែងជាង ១៣០គីឡូម៉ែត្រ កំពុងស្ថាបនាឡើងវិញ និងបានសម្រេចប្រមាណ ៧៤%ហើយ ដែលគម្រោងនេះ ត្រូវ ចំណាយថវិកាប្រមាណជាង ២១៩លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅក្រុងកំពត ត្រូវបានចែកជាពីរដំ​ណាក់កាល គឺ ដំណាក់កាលទី១ ពីចោមចៅ ទៅ បែកគូសប្រវែង ៦៩,៩០ គីឡូម៉ែត្រ ដែលត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង ។ ដំណាក់កាលទី២ ពីបែកគូស ទៅក្រុងកំពត ប្រវែង ៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

សូមបញ្ជាក់ថា គម្រោងពង្រីកនិង លើកកម្រិតផ្លូវជាតិលេខ៣នេះ តាមការគ្រោងទុក ត្រូវប្រើរយៈពេល ៤៨ខែ ដោយគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២។ ប៉ុន្តែដោយសារវឌ្ឍនភាព នៃការសាងសង់ បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ ខាងមុខនេះ ៕

You can share this !

Loading...
អត្ថបទទាក់ទង