វីង និង​​​មជ្ឈមណ្ឌល​បណ្តុះ​​​ធុរកិច្ច​ថ្មី “​តេជោ​” គាំទ្រ​​​អ្នក​ច្នៃប្រឌិត​​​បច្ចេកវិទ្យា​​​នៅ​​កម្ពុជា

ភ្នំពេញ៖ ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេជោ​” ​កំពុង​ធ្វើការ​រួម​គ្នា ​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

តាមរយៈ​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស វីង នេះ មជ្ឈមណ្ឌល និង​សមាជិក​របស់​ខ្លួន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​សេវា​ទូទាត់​ទំនើប​ចុងក្រោយ​តាមបែប​ឌីជីថល​ដើម្បី​ស្វែងរក​ឱកាស​ថី្ម​សម្រាប់​ការច្នៃប្រឌិត​បន្ថែមទៀត​។

លោក​បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេជោ​” បាន​មាន​ប្រសាសន៍​ថា​៖ «”ភាពជា​ដៃគូ​នេះ ​នឹង​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​មជ្ឈមណ្ឌល ចំពោះ​ការអភិវឌ្ឍ​ជា​មូលដ្ឋាន​នៃ​ការទូទាត់​តាមបែប​ឌីជីថល​សម្រាប់​ការជំរុញ​ធុរកិច្ច​ថ្មី​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​”​។

លោក​បាន​បន្តថា​៖ “សមាជិក​ធុរកិច្ច​ថ្មី​របស់​មជ្ឈមណ្ឌល​ ក៏​នឹង​អាច​ភ្ជាប់​ទំនាក់ទំនង និង​រៀនសូត្រ​ពី​ក្រុមហ៊ុន​ដែល​ប្រកប​ដោយ​នវានុវត្តន៍​ (​ភាពច្នៃប្រឌិត​) ​ដូចជា វីង ក៏ដូចជា​បានទទួល​ផលប្រយោជន៍​ពី​អ្នកជំនាញ​បច្ចេកទេស និង​ដំណោះស្រាយ​ទូទាត់​តាមបែប​ឌីជីថល​របស់​វីង​ផង​ដែរ​»​។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ ២០១៨ ក្នុងគោលដៅ ដើម្បី​គាំទ្រ​ដល់​សហគ្រិន និង​កសាង​ផែនការ​ដើម្បី​បំប្លែង និង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​។ ដោយ​បង្កើតឡើង​សម្រាប់​ជា​ស្ពាន​ទំនាក់ទំនង​រវាង​សហគ្រិន និង​អ្នកពាក់ព័ន្ធ​ដទៃទៀត មជ្ឈមណ្ឌល​នេះ ​នឹង​ផ្តល់​ដល់​សមាជិក​របស់​ខ្លួន​នូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ជួយ​ប្រទេស​ក្នុង​ការសម្រប​ខ្លួន​ទៅនឹង​និន្នាការ​បច្ចេកវិទ្យា​ថ្មី និង​ការទទួល​បាន​ការច្នៃប្រឌិត​ថ្មី​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​បាន​មាន​ប្រសាសន៍​ថា​៖ “​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​យើង​អាច​ប្រើប្រាស់​ចំណេះដឹង និង​ផលិតផល​របស់​យើង​ដើម្បី​គាំទ្រ​ដល់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​ “​តេជោ​” ដែល​មាន​ចក្ខុវិស័យ​គាំទ្រ​ថែរក្សា ធុរកិច្ច​ដើម្បី​ពង្រីក​ទៅជា​អាជីវកម្ម​ដែល​ជោគជ័យ”។ តាមរយៈ​ភាព​ជា​ដៃគូ​នេះ ​យើង​សង្ឃឹមថា វីង​នឹង​អាចជួយ​បន្ថែមទៀត​ក្នុង​ការគាំទ្រ​ដល់​សហគ្រិន​បច្ចេកវិទ្យា​កម្ពុជា​ក្នុង​ការសម្រប​ខ្លួន​ដើម្បី​ធ្វើ​សមាហរណកម្ម​ស្របទៅតាម​បដិវត្តន៍​សេដ្ឋកិច្ច​ឧស្សាហកម្ម ៤.០”​។

ទាំង​វីង និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​ “​តេជោ​” ​សុទ្ធសឹង​បាន​ចែករំលែក​គោលបំណង​ដូចគ្នា​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​ដើម្បី​ជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ចកម្ពុជា និង​ធ្វើឱ្យល្អប្រសើរ​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។

វីង ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ធនាគារ​ឯកទេស​ដែល​មាន​បណ្តាញ​ភ្នាក់ងារ​ជាង ៧ ៥០០ ​ទូទាំង​ប្រទេស និង​មាន​កម្មវិធី​ទូទាត់​ប្រាក់​ចំណាយ​តាម​បែប​ឌីជីថល​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​ជាមួយ​នឹង​លក្ខណពិសេស​ជាច្រើន​ដែល​ជា​តម្រូវការ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់ គ្នា​។ ជាមួយ​គ្នា​នេះ​ដែរ មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​ “​តេជោ​” មាន​គោលបំណង​ពន្លឿន និង​ផ្តល់​សេវា​បង្ហាត់​បង្ហាញ​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​៕

You can share this !

Loading...
អត្ថបទទាក់ទង