កងទ័ព​ជើងទឹក​កម្ពុជា ២៥០នាក់ ទទួល​ការ​បណ្តុះបណ្តាល​រយៈពេល ៣ខែ ដើម្បី​ពង្រឹង​សមត្ថភាព

ព្រះសីហនុ៖ កងទ័ពជើងទឹកកម្ពុជា ចំនួន ២៥០នាក់ បានទទួលការបណ្តុះបណ្តាលរយៈពេល៣ខែ ដើម្បីពង្រឹងសមត្ថភាព ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបម្រើ និងការពាររាជរដ្ឋាភិបាល។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមាននាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ្រ។

ថ្លែងក្នុងពិធីបិទវគ្គនោះ នាយឧត្តមនាវី ទៀ វិញ បានពាំនាំការផ្តាំផ្ញើពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយនាវី ពលនាវីទាំងអស់។ លោកមេបញ្ជាការ បានលើកឡើងថា ក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់វិស័យអប់រំបណ្តុះបណ្តាលបង្កើនធនធានមនុស្ស ក្លាយជាកម្លាំងស្នូល និងជាមូលដ្ឋានគ្រឹះរឹងមាំតាមជំនាញឯកទេសថែមមួយកម្រិតទៀត។

លោក មេបញ្ជាការ ក៏បានវាយតម្លៃខ្ពស់ចំពោះហ្វឹកហាត់ផ្ទេរចំណេះដឹងដល់នាវិកថ្មី ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សទទួលបានជោគជ័យ ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបម្រើ និងការពាររាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កងយុទ្ធពលខេមរៈភូមិន្ទ វិស័យទ័ពជើងទឹកទាំងពេលបច្ចុប្បន្ន និងទៅអនាគតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាលើគ្រប់ស្ថានភាព ទាំងគ្រឿងបំពាក់ សម្ភារបច្ចេកទេសអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។

យោងតាមរបាយការណ៍ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺន បានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានសិក្ខាកាមចូលរួម ២៥០ នាក់ ក្នុងនោះគ្រូបង្វឹក ១១នាក់ និងសិក្ខាកាម ២៣៩នាក់ ជាពលនាវិកជ្រើសរើសថ្មី។ ការហ្វឹកហាត់ មានរយ:ពេល ៣ខែ មានដូចជា លំហាត់របៀបអប់រំចិត្តសាស្ត្រ អប់រំសុខាភិបាល ភស្តុភារ-ហិរញ្ញវត្ថុ កាយសិក្សាយោធាបច្ចេកទេសប្រើប្រាស់អាវុធថ្មើរជើងយុទ្ធវិធីប្រយុទ្ធថ្នាក់បុគ្គល និងបាញ់ស៊ីប៕

You can share this !

Loading...
អត្ថបទទាក់ទង