មន្ត្រី​ជលផល​ក្រុងក្រចេះ ចុះ​បង្ក្រាប និង​កំទេច​ឧបករណ៍​បទល្មើស​ជលផល​ជាច្រើន

ក្រចេះ៖ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លក បានដឹកនាំកម្លាំងជំនាញផ្នែករដ្ឋបាលជលផលកាំពី រួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុងក្រចេះ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងរំលាច ក្រុងក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងប្រតិបត្តិការណ៍នេះ លោក ម៉ុក ពន្លក បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានដកហូត និងរឹបអូសបានឧបរណ៍នេសាទល្មើសច្បាប់មួយចំនួន ដូចជា លូស្បៃមុង និងលូសាច់អួនក្រឡាញឹក (សាច់ប៉ាក់) ចំនួន ៣២មាត់លូ, របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកចំនួន ៣២ខ្សែ ប្រវែង ១៦០០ម៉ែត្រ, លបណរ៉ាវចំនួន ២គ្រឿង និងរបាំងចំនួន ១ខ្សែ ប្រវែង១២០ម៉ែត្រ, បង្គោលចម្រឹងឫស្សីឃ្លៃ ចំនួន៤៥០ដើម, ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ ចំនួន ១៥គីឡូក្រាម។ បន្ទាប់ពីចាប់បានឧបរណ៍នេសាទល្មើសច្បាប់ ដែលជាវត្ថុតាងទាំងអស់ ត្រូវក្រុមចម្រុះសម្រេចដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ដោយសារពិបាកក្នុងការដឹកជញ្ជូន។

បើតាមនាយរងខណ្ឌរដ្ឋបាលបញ្ជាក់ថា ទោះជាពេលនេះ មិនទាន់ឈានចូលរដូវបិទនេសាទក្តី ប៉ុន្តែការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង និងសាច់អួនក្រឡាញឹក(សាច់ប៉ាក់) គឺច្បាប់បានហាមឃាត់ដាច់ខាត មិនអនុញ្ញាតឱ្យប្រើឡើយ។ ដូច្នេះ ប្រសិនអ្នកនេសាទនៅតែលួចធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ខាងលើ សមត្ថកិច្ចព្រមានចាប់ខ្លួនផងដែរ។ ចំពោះបទល្មើសទាំងនេះ នឹងត្រូវទទួលទោសតាមមាត្រា៩៩ ចំនុចទី៧ នៃច្បាប់ស្តីពីជលផល ដោយត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារពីមួយ (១) ឆ្នាំ ទៅបី (៣) ឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ហាសិបលាន (៥០.០០០.០០០)រៀល និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬ បំផ្លាញចោល៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង