មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​មេខ្លោង​ដែលប្រមូល​កម្លាំង ចូល​កាន់កាប់​ដី​ព្រៃខុសច្បាប់​ទៅ​តុលាការ

មណ្ឌលគិរី៖ មន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឃាត់ខ្លួនឈ្មោះ គ្រិះ ផន អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយចោទថា មេខ្លោងប្រមូលកម្លាំងកាន់កាប់ដីព្រៃខុសច្បាប់។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ មន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានកោះអញ្ជើញបុរសម្នាក់មកសាកសួរនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងករណីកាន់កាប់ដីព្រៃនៅក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីកំណត់អត្ថិភាព និងបទល្មើសធនធានធម្មជាតិ ដែលមានចែងក្នុងបញ្ញត្តិច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ក្រសួងបញ្ជាក់ថា រូបវ័នបុគ្គលខាងលើ ជាមេខ្លោងដែលកៀរគរកម្លាំងពលកម្មឱ្យកើតមានការសង់រោង និងធ្វើសកម្មភាពអារច្រៀកឈើអណាធិបតេយ្យដោយខុសច្បាប់ និងសាងសង់រោងក្រោលគោក្នុងរូបភាពនៃការទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងមន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិក្នុងការបំពេញភារកិច្ច។

បច្ចុប្បន្ន ជនរូបនេះ ត្រូវបានមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រៀបចំកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង