បទវិភាគ៖ នេះ​ជា​មូលហេតុ​ដែល​បញ្ហា​កូរ៉េខាងជើង តែងតែ​ជា​រឿង​ដ៏រសើប និង​មាន​ការចាប់អារម្មណ៍​ច្រើន

បន្ទាប់ពីសំងំលាក់ខ្លួនពីចក្ខុរបស់សាធារណជនអស់រយៈពេលជាង ២០ថ្ងៃ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញវត្តមានសាជាថ្មី ក្នុងពិធីសម្ពោធរោងចក្រផលិតជីមួយកន្លែង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ដែលបានធ្វើឱ្យសារព័ត៌មានធំៗ នៅលោកខាងលិច ព្រមតាំងក្រុមអ្នកតាមដានសភាពការណ៍នៅកូរ៉េខាងជើង ដែលបានធ្វើការសន្មតដោយមិនមានប្រភពច្បាស់លាស់ថា លោក គីម ជុងអ៊ុន បានទទួលមរណភាពនោះ មានការស្រងាកចិត្តយ៉ាងខ្លាំង។

អ្នកសារព័ត៌មាននៅលោកខាងលិច ពុំសូវមានប្រភពច្បាស់ជុំវិញបញ្ហាកូរ៉េខាងជើងឡើយ ប៉ុន្តែរឿងរ៉ាវជុំវិញលោក គីម ជុងអ៊ុន នាពេលចុងក្រោយនេះ បានបញ្ជាក់ថា ពួកគេងាយនឹងទទួលយកនូវព័ត៌មានដែលជាពាក្យចចាមអារ៉ាម គ្មានការបញ្ជាក់ច្បាស់លាស់ ព្រមទាំងសន្មតទាំងគ្មានប្រភពជាក់លាក់ លើបញ្ហារបស់កូរ៉េខាងជើង។

រឿងរ៉ាវបានចាប់ផ្ដើមនៅថ្ងៃទី២០ ខែមេសា នៅពេលដែលសារព័ត៌មាន Daily NK ដែលគ្រប់គ្រងដោយបុគ្គលិកម្នាក់ដែលបានរត់គេចពីកូរ៉េខាងជើងទៅក្រៅប្រទេស បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើង បានទទួលការវះកាត់សរសៃឈាមបេះដូង។ ដោយស្រង់ពីប្រភពផ្សេងៗ សារព័ត៌មានដដែល បានបន្តចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើង កាន់តែធ្ងន់ធ្ងរទៅៗលើបញ្ហាសុខភាពរបស់លោក។

សារព័ត៌មាន Daily NK តែងតែពឹងផ្អែកលើប្រភពអនាមិក នៅកូរ៉េខាងជើង ដើម្បីសរសេរចុះផ្សាយអត្ថបទព័ត៌មានរសើប ជុំវិញរបបដឹកនាំរបស់កូរ៉េខាងជើង។ ប៉ុន្មានម៉ោងក្រោយមក រឿងនេះបានផ្ទុះឡើងកាន់តែខ្លាំង ក្រោយពីសារព័ត៌មានដ៏ល្បីល្បាញលើពិភពលោក CNN បានដកស្រង់ពីប្រភពតែមួយរបស់ខ្លួន ដោយបានសរសេរឡើងចំណងជើងថា "មេដឹកនាំកូរ៉េខាងជើង ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ បន្ទាប់ពីការវះកាត់" ហើយសារព័ត៌មានល្បីៗមួយចំនួន ក៏បានឡើងជាចំណងជើងរៀងៗខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកអាន ដែលនេះជាល្បែងនៃការទស្សន៍ទាយសុទ្ធសាធ ដូចជា "តើលោក គីម ជុងអ៊ុន បានស្លាប់ពិតប្រាកដមែនដែរឬទេ?” និង "តើនរណា នឹងក្លាយជាមេដឹកនាំបន្ទាប់របស់កូរ៉េខាងជើង?”។ ទោះបីជាមានការចុះផ្សាយផ្សេងៗជុំវិញបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ក៏ដោយ ក៏មន្ត្រីរបស់កូរ៉េខាងត្បូងមិនជឿថា លោក គីម បានស្លាប់ឡើយ។ ប៉ុន្តែ ការចុច Search ថា "Kim Jong Un Death” បានវាយលុកយ៉ាងខ្លាំង នៅលើអ៊ីនធឺណិត។

នេះមិនមែនជាលើកទីមួយទេ ដែលស្ថាប័នសារព័ត៌មាននៅលោកខាងលិច ទទួលបរាជ័យក្នុងរឿងពាក់ព័ន្ធនឹងកូរ៉េខាងជើង។ តួយ៉ាងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កាសែត New York Times បានចុះផ្សាយលើទំព័រមុខរបស់ខ្លួនដោយពឹកផ្អែកលើរូបថតពីផ្កាយរណបដែលខ្លួនទទួលបាន ថា កូរ៉េខាងជើង បានបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបានរំលោភលើកិច្ចព្រមព្រៀងកាលពីខែមិថុនា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ស្ដីពីការរំសាយកម្មវិធីនុយក្លេអ៊ែរនៅកូរ៉េខាងជើង។ ប៉ុន្តែអ្នកវិភាគកូរ៉េខាងជើង ចេញអត្ថបទដើម្បីប្រឆាំងនឹងអត្ថបទរបស់ New York Times ថា រូបភាពពីផ្កាយរណបនោះ គឺជារូបចាស់ តាំងពីខែមីនា ឆ្នាំ២០១៨ ពោលគឺ មុន៣ខែ នៃកិច្ចប្រជុំរវាងលោក ត្រាំ និង លោក គីម នៅសិង្ហបុរី។

ជាការពិតណាស់ ការរាយការណ៍ព័ត៌មានជុំវិញបញ្ហាកូរ៉េខាងជើង គឺជារឿងដ៏លំបាកសម្រាប់ស្ថាប័នសារព័ត៌មាននានា ដោយសារតែការគ្រប់គ្រង់ព័ត៌មានយ៉ាងតឹងតែង មិនឱ្យលេចព័ត៌មានងាយៗនោះទេ ជាពិសេសបញ្ហារបស់មេដឹកនាំរបស់ខ្លួនតែម្ដង។ កត្តានេះហើយ ដែលអ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មានធំៗ បានទទួលស្គាល់ថា បញ្ហាកូរ៉េខាងជើង ជារឿងដ៏រសើប ដែលគេចង់ដឹងច្រើន។

ទោះជាយ៉ាងណា បើសិនជាស្ថានប័នសារព័ត៌មានលោកខាងលិច បានព្យាយាមសាកសួរអ្នកជំនាញនៅកូរ៉េខាងត្បូងដែលមានចំណេះដឹងជុំវិញបញ្ហាកូរ៉េខាងជើង ពាក្យចចាមអារ៉ាមជុំវិញកូរ៉េខាងជើង ប្រហែលមិនត្រូវបានចុះផ្សាយពាសពេញពិភពលោកនោះទេ ហើយព័ត៌មានមិនពិត ក៏មិនបានទៅដល់ដៃអ្នកអាននោះដែរ៕

You can share this !

Loading...
អត្ថបទទាក់ទង