បទវិភាគ៖ ពេល​កូវីដ១៩​ចប់ តើ​ការធ្វើការ​ពីផ្ទះ អាច​នឹងបន្តអនុវត្ត​ដែរ ឬទេ?

របៀបធ្វើការពីផ្ទះ (Work From Home) ត្រូវបានអនុវត្តនៅតាមបណ្ដាប្រទេសនានា អំឡុងការរាតត្បាតនៃវីរុសកូវីដ១៩ នាពេលបច្ចុប្បន្ន។ អាជីវកម្ម ត្រូវបានបិទទ្វារ ហើយកន្លែងធ្វើការ ក៏តម្រូវឱ្យបុគ្គលិកធ្វើការពីផ្ទះផងដែរ។ ក្នុងការសម្របខ្លួនទៅនឹងបរិយាកាសការងារថ្មីនេះ បុគ្គលិកគ្រប់ៗគ្នា ក៏ត្រូវរៀបចំកន្លែងធ្វើការឱ្យមានបរិយាកាសសមស្របសម្រាប់ខ្លួនឯងបំពេញការងារ និងត្រូវរក្សានូវប្រសិទ្ធភាពក្នុងការបំពេញការងារ ដើម្បីធ្វើឱ្យក្រុមហ៊ុន បន្តដំណើរការទៅមុខ។

បម្រែបម្រួលនេះ ក៏នឹងអាចបង្កផលប៉ះពាល់ដល់របៀបនៃការធ្វើការងារ ហើយការធ្វើការពីផ្ទះ អាចនឹងក្លាយជារឿងធម្មតា សម្រាប់នៅថ្ងៃអនាគត។

ធ្វើការពីផ្ទះ មិនមែនជាជម្រើសទេ៖

ធ្វើការពីផ្ទះ មិនមែនជារឿងពិបាកនោះទេ ព្រោះនិយោជកកាន់តែច្រើនឡើងៗ បានផ្ដល់ជាកុំព្យូទ័រយួរដៃ និងស្មាតហ្វូន ដល់បុគ្គលិក បន្ថែមលើគ្រឿងបរិក្ខារនៅក្នុងការិយាល័យដូចជា កុំព្យូទ័រលើតុ និងទូរសព្ទមានខ្សែ ដើម្បីបំពេញការងាររបស់ពួកគេ។ ស្របពេលជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតនៅទូទាំងពិភពលោក ការធ្វើការពីផ្ទះ មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការដ៏ចាំបាច់។

បង្កើតកន្លែងធ្វើការថ្មី៖

និយោជកមួយចំនួន អាចនឹងពិចារណាក្នុងអនុវត្តរបៀបនៃការធ្វើការពីផ្ទះ ជារឿងអចិន្ត្រៃយ៍។ ជាការពិតណាស់ ការមិនតម្រូវឱ្យបុគ្គលិកធ្វើការនៅក្នុងការិយាល័យជាមួយគ្នា អាចជួយសន្សំសំចៃថ្លៃជួលអគារ ថ្លៃធ្វើឱ្យប្រសើរឡើងវិញ និងថ្លៃជួសជុល ផងដែរ។ យ៉ាងណាមិញ គម្លាតរវាងសមាជិកក្នុងក្រុមការងារមួយ មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ពោលគឺត្រូវតែមានការសហការគ្នាឱ្យបានល្អ ទោះបីជាស្ថិតក្នុងទិដ្ឋភាពការងារណាមួយក៏ដោយ។

ខណៈបុគ្គលិកមួយចំនួន តម្រូវឱ្យធ្វើការពីផ្ទះ បុគ្គលិកដែលធ្វើការនៅការិយាល័យ ក៏ត្រូវតែទទួលបានកន្លែងធ្វើការដែលមានបរិយាកាសដ៏ទាក់ទាញ ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងការងារប្រកបទៅដោយភាពល្អប្រសើរ។ ចំពោះបញ្ហានេះ អ្នករៀបចំរចនាប្លង់ខាងក្នុង អាចនឹងរៀបចំបន្ទប់ដែលមានបំពាក់ឧបករណ៍សម្រាប់ការសន្ទនាតាមវីដេអូ (Video Conference) សម្រាប់ក្រុមនានា។

តម្រូវការនៃការកសាងជំនឿទុកចិត្ត លើប្រសិទ្ធភាពការងារ៖

ធ្វើការពីផ្ទះ អាចធ្វើឱ្យនិយោជក មិនទាន់អាចទុកចិត្តចំពោះប្រសិទ្ធភាពការងាររបស់បុគ្គលិកដែលធ្វើការពីផ្ទះរៀងៗខ្លួន ព្រោះនិយោជក មិនអាចមើលឃើញនូវការធ្វើការរបស់បុគ្គលិកឡើយ។ ដូច្នេះ បុគ្គលិក ត្រូវមានការទទួលខុសត្រូវខ្ពស់ លើការងារ ដែលអាចប្រើប្រាស់ពេលវេលាយូរជាងការបំពេញការងារនៅឯការិយាល័យ ដើម្បីសម្រេចលទ្ធផលការងារមួយ។ និយោជក អាចនឹងអនុញ្ញាតឱ្យបុគ្គលិក ដែលពួកគេមានទំនុកចិត្តខ្ពស់ ដើម្បីឱ្យធ្វើការពីផ្ទះ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធឺណិត ឬក្រុមហ៊ុននានាដែលពាក់ព័ន្ធ ក៏ត្រូវតែពង្រឹងនូវល្បឿនអ៊ីនធឺណិត ក៏ដូចជាសេវាកម្មរបស់ពួកគេ ដែលអាចជួយសម្រួលដល់ការធ្វើការពីផ្ទះនេះ។

បដិវត្តន៍ពិតប្រាកដ បានចាប់ផ្ដើម៖

ស្របពេលដែលបរិវត្តន៍ឧស្សាហកម្មទី៤ដែលផ្អោតលើតួនាទីនៃការផ្លាស់ប្ដូរទៅរកឌីជីថល, វិបត្តិកូវីដ១៩ ក៏កំពុងជំរុញឱ្យវាកាន់តែមានដំណើរការទៅមុខលឿនជាងមុនថែមទៀត។ ជាក់ស្ដែង ក្រុមហ៊ុនកាន់តែច្រើនឡើង ចាប់ផ្ដើមពន្លឿននូវការអនុវត្តរបៀបធ្វើការពីផ្ទះ ដែលពឹងផ្អែកលើឌីជីថលខ្លាំង។

នេះជាពេលវេលាដ៏មានសារសំខាន់ សម្រាប់មនុស្សគ្រប់ៗរូប និងក្រុមហ៊ុន ដើម្បីគិតគូរពីទំនាក់ទំនងជាមួយការងារ បច្ចេកវិទ្យា ជាពិសេសមនុស្សដែលចូលមកក្នុងជីវិតរបស់យើង ដើម្បីធានាថា យើងអាចមានការអភិវឌ្ឍកាន់តែប្រសើរ និងរឹងម៉ាំ នៅពេលដែលវិបត្តិនេះ បានបញ្ចប់៕

You can share this !

Loading...
អត្ថបទទាក់ទង