បទវិភាគ៖ មេរៀន​ក្នុង​ការប្រយុទ្ធនឹង​ជំងឺកូវីដ១៩ នៅ​កូរ៉េខាងត្បូង

ដើមឡើយ កូរ៉េខាងត្បូង ស្ទើរតែមិនអាចទប់ទល់នឹងការរាតត្បាតរបស់វីរុសកូវីដ១៩បានទេ ដែលបានឆ្លងទៅកាន់មនុស្សរាប់ពាន់នាក់ ក្នុងរយៈពេលត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅចុងខែកុម្ភៈ កូរ៉េខាងត្បូង បានក្លាយជាប្រទេសទី២ ដែលមានអ្នកឆ្លងច្រើនបំផុតបន្ទាប់ពីប្រទេសចិន។ កូរ៉េខាងត្បូង ក៏បានអនុវត្តនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់នូវការចម្លងយ៉ាងមានប្រសិទ្ធភាព និងផ្ដល់សេវាព្យាបាលទាន់ពេលវេលា។ បណ្ដាប្រទេសនានា នៅជុំវិញពិភពលោក កំពុងជួបនូវវិបត្តិស្រដៀងគ្នានេះ ដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងដ៏ឆាប់រហ័ស ស្របពេលក្រុមគ្រូពេទ្យរបស់ប្រទេសទាំងនោះ កំពុងជួបនូវការខ្វះខាតឧបករណ៍បរិក្ខារពេទ្យដែលចាំបាច់។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រទេសនានា គួរសិក្សានូវមេរៀនក្នុងការប្រយុទ្ធនឹងវីរុសកូវីដ១៩ របស់កូរ៉េខាងត្បូង។
 


ការពារការចម្លងទៅក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល៖

ការផ្ដល់ឧបករណ៍ចាំបាច់ទៅដល់ក្រុមគ្រូពេទ្យ គឺជារឿងសំខាន់ទីមួយរបស់កូរ៉េខាងត្បូង។ នៅប្រទេសអេស្ប៉ាញ អ៊ីតាលី និងសហរដ្ឋអាមេរិក, គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល បានឆ្លងវីរុសកូវីដ១៩ ដោយសារតែមិនមានឧបករណ៍ការពារត្រឹមត្រូវ ដូចជាម៉ាស ជាដើម។ ប្រសិនបើគេមិនអាចការពារគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលបានទេនោះ ការគ្រប់គ្រងស្ថានភាពនៅក្នុងប្រទេសមួយ ក៏មិនអាចទៅរួចដែរ។ ប្រសិនបើមន្ទីរពេទ្យនានា គ្មានសមត្ថភាពព្យាបាលទេនោះ ជំងឺនេះក៏មិនងាយនឹងយកឈ្នះបានដែរ។ ដោយឡែក មន្ទីរពេទ្យនៅកូរ៉េខាងត្បូង ត្រូវបានបំពាក់ឧបករណ៍ចាំបាច់ ដែលអាចការពារនូវការចម្លងទៅកាន់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដូច្នេះ ពួកគេអាចធ្វើតេស្ត និងព្យាបាលអ្នកជំងឺកូវីដ១៩ ប្រកបដោយសុវត្ថិភាព។ រដ្ឋាភិបាលនានា គួរតែផ្គត់ផ្គង់នូវឧបករណ៍បរិក្ខារពេទ្យចាំបាច់ សម្រាប់មន្ទីរពេទ្យ ទោះនៅក្នុងតម្លៃណាក៏ដោយ។

ទប់ស្កាត់ការចម្លងទៅកានប្រជាជន នៅក្នុងមន្ទីរពេទ្យ៖

ក្រោយដឹងពីភាពកាចសាហាវនៃការចម្លងរបស់វីរុសកូវីដ១៩ រដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបចំឡើងវិញនូវប្រព័ន្ធសុខាភិបាលរបស់ខ្លួន ដើម្បីកាត់បន្ថយឱ្យបានច្រើនតាមលទ្ធភាព នូវការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ នៅក្នុងមន្ទីរពេទ្យទូទាំងប្រទេស។ ដំបូង នៅពេលនរណាម្នាក់ មានរោគសញ្ញានៃជំងឺកូវីដ១៩ ពួកគេត្រូវរាយការរណ៍ទៅកាន់លេខទូរសព្ទបន្ទាន់របស់ក្រសួងសុខាភិបាល ដើម្បីសាកសួរ និងទទួលការធ្វើរោគវិនិច្ឆ័យភ្លាមៗ។ អ្នកមានរោគសញ្ញាសង្ស័យ នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើតេស្តរកកូវីដ១៩ភ្លាមៗ ហើយបើរកឃើញថា វិជ្ជមានកូវីដ១៩ ពួកគេនឹងទទួលបានការព្យាបាលនៅក្នុងមណ្ឌលចត្តាឡីស័ក ដើម្បីបង្ការនូវការចម្លងទៅកាន់អ្នកដទៃ។ កូរ៉េខាងត្បូង បានប្រើប្រាស់មេរៀនពីវិបត្តិជំងឺ MERS កាលពីឆ្នាំ២០១៥ ដើម្បីរួមផ្សំជាមួយនឹងវិធីសាស្ត្រថ្មី ដើម្បីកាត់បន្ថយនូវពេលវេលាក្នុងការធ្វើតេស្តសំណាករបស់អ្នកសង្ស័យ និងការពារបុគ្គលិកសុខាភិបាល។ សេវាព្យាបាលអ្នកជំងឺ គឺផ្តោតលើអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ នៅកូរ៉េខាងត្បូង។

រដ្ឋាភិបាល រ៉ាប់រងទាំងស្រុងលើការចំណាយថ្លៃព្យាបាលអ្នកជំងឺកូវីដ១៩៖

រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងចេញថ្លៃព្យាបាលទាំងស្រុងសម្រាប់អ្នកជំងឺកូវីដ១៩ ទាំងពលរដ្ឋកូរ៉េខាងត្បូង ទាំងជនបរទេស។ អ្នកជំងឺកូវីដ១៩ នៅតែទទួលបានការរ៉ាប់រងថ្លៃចំណាយប្រចាំខែ អំឡុងពេលដែលខ្លួនកំពុងទទួលការព្យាបាល។ ដូច្នេះ វាបានផ្ដល់នូវជំនឿផ្នែកហិរញ្ញវត្ថុ ដែលគ្មានអ្នកជំងឺណាម្នាក់ ចង់លាក់បាំងនូវស្ថានភាពជំងឺរបស់ពួកគេឡើយ។

រដ្ឋាភិបាលអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធ IT និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ៖

កូរ៉េខាងត្បូង មានភាពទំនើប នៅក្នុងការតាមដាននិងស្វែងរក អ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩។ ពលរដ្ឋកូរ៉េខាងត្បូង ស្ទើរគ្រប់ៗរូប មានស្មាតហ្វូនក្នុងដៃ និងប្រើប្រាស់កាតឥណទាន ដូចនេះ នៅពេលនរណាម្នាក់ មានកូវីដ១៩ រដ្ឋាភិបាល អាចដឹងពីទីតាំងដែលពួកគេធ្លាប់បានទៅ ថ្ងៃធ្វើដំណើរ និងមធ្យោបាយធ្វើដំណើរដែលពួកគេប្រើប្រាស់។ ទិន្នន័យនេះ ជួយឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង អាចតាមដាននិងស្វែងរកអ្នកដែលអាចឆ្លងពីអ្នកជំងឺ ដោយប្រើប្រាស់កាមេរ៉ាសុវត្ថិភាព។ អ្នកដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ តម្រូវឱ្យទទួលការធ្វើតេស្ត និងអ្នកដែលប៉ះពាល់ដោយប្រយោល តម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃ។ រដ្ឋាភិបាល អាចតាមដានពលរដ្ឋ ដែលធ្វើចត្តាឡីស័ក មិនឱ្យពួកគេចេញពីក្នុងផ្ទះនោះទេ។ ទាំងនេះ បានជួយឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង មិនចាំបាច់ប្រើប្រាស់នូវវិធានការបិទប្រទេសឡើយ។

វប្បធម៌ នៃការពាក់ម៉ាស៖

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកទិញម៉ាស រដ្ឋាភិបាលកូរ៉េខាងត្បូង បានជំរុញឱ្យរោងចក្រនានា ផ្លាស់ប្ដូរទៅផលិតម៉ាស និងផ្គត់ផ្គង់ទៅកាន់ឱសថស្ថាននៅទូទាំងប្រទេស។ ហើយដើម្បីចៀសវាងប្រជាជនឈរតម្រង់ជួរនៅមុខឱសថស្ថាន ដែលអាចបង្កឱ្យមានការចម្លង រដ្ឋាភិបាល និងដៃគូក្នុងវិស័យឯកជន បានបង្កើតកម្មវិធីក្នុងទូរសព្ទដៃ ដើម្បីងាយស្រួលផ្ដល់ព័ត៌មានទាក់ទងនឹងទីតាំងណាខ្លះ ដែលមាននៅសល់ម៉ាស ព្រមទាំងមានដាក់បញ្ជាក់នូវចំនួនម៉ាស នៅតាមឱសថស្ថានដែលនៅជិតបំផុតថែមទៀតផង។ ចំនួនម៉ាស ដែលប្រជាជនម្នាក់ទិញ ត្រូវបានរាប់បញ្ចូនក្នុង Database របស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង។

តម្លាភាព៖

រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្ដល់ទិន្នន័យរបស់អ្នកដែលមានវិជ្ជមានកូវីដ១៩ ខណៈអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយនូវតួលេខអ្នកឆ្លងថ្មី និងទីតាំងដែលពួកគេធ្លាប់បានធ្វើដំណើរទៅដល់ ថ្ងៃធ្វើដំណើរ និងមធ្យោបាយធ្វើដំណើរ ព្រមទាំងបញ្ជាក់ថា ពួកគេបានពាក់ម៉ាសឬមិនបានពាក់។ ព័ត៌មានទាក់ទងនឹងអ្នកជំងឺ ត្រូវបានបើកចំហរ ដោយគ្មានការលាក់បាំងអ្វីឡើយ។

សកម្មភាពរបស់ថ្នាក់ដឹកនាំ៖

នៅពេលមានការផ្ទុះរាតត្បាតនៅទីក្រុង Dae-gu នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានអញ្ជើញចុះទៅដល់ទីតាំងដោយផ្ទាល់ ដើម្បីធ្វើការដាក់ចេញនូវបទបញ្ជាភ្លាមៗ។ វត្តមានរបស់ថ្នាក់ដឹកនាំនេះ ធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំង និងមានវិធានការឆ្លើយតប ដើម្បីកាត់បន្ថយការចម្លងបន្ថែមទៀត ដោយការទំនាក់ទំនងរវាងមន្ត្រីគ្រប់លំដាប់ថ្នាក់៕
 

You can share this !

Loading...
អត្ថបទទាក់ទង