បទវិភាគ៖ ពិភពលោក គួរតែ​កោតសរសើរ​ប្រមុខរដ្ឋាភិបាល​ដែលជាស្ត្រី ក្នុង​ការ​ឆ្លើយតប​នឹងកូវីដ១៩

នៅកោះតៃវ៉ាន់ វិធានការបន្ទាន់ បានគ្រប់គ្រងស្ថានភាពនៃការរាតត្បាតនៃវីរុសកូវីត១៩ ដោយជោគជ័យ ហើយរដ្ឋមួយនេះ កំពុងនាំចេញម៉ាសរាប់លាន ទៅកាន់ទ្វីបអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗ។ សម្រាប់ប្រទេសអាល្លឺម៉ង់វិញ អាជ្ញាធរសុខាភិបាល បានធ្វើតេស្តលើអ្នកដែលសង្ស័យ ចំនួន ៣៥ម៉ឺននាក់ជារៀងរាល់សប្ដាហ៍ ដើម្បីឆ្លើយតបទាន់ពេលវេលា កុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ ជាមួយគ្នានេះ ប្រទេសនូវែលហ្សេឡង់ បានចាត់វិធានការបង្ការទុកជាមុន ដោយបិទវិស័យទេសចរណ៍ និងបិទប្រទេសរយៈពេល១ខែ ធ្វើឱ្យអ្នកស្លាប់ដោយកូវីដ១៩ មានតិចបំផុត។

ប្រទេសទាំងនេះ សុទ្ធតែមានប្រមុខរដ្ឋាភិបាលជាស្ត្រី ខណៈក្នុងចំណោមប្រមុខដឹកនាំរដ្ឋាភិបាលទាំងអស់នៅលើពិភពលោក គឺមានមេដឹកនាំជាស្ត្រី តែប្រហែល ៧ភាគរយប៉ុណ្ណោះ។ តើកត្តាអ្វីទៅដែលធ្វើឱ្យមានការកោតសរសើរចំពោះប្រមុខរដ្ឋាភិបាលដែលជាស្ត្រីភេទប៉ុន្មានរូបខាងលើនេះ?

ប្រទេសទាំងនេះ បានចាត់វិធានការបង្ការទុកជាមុន ដើម្បីចៀសវាងការរាតត្បាតនៃវីរុសកូវីដ១៩។ ការធ្វើតេស្តទូទាំងប្រទេស ភាពងាយស្រួលក្នុងការទទួលសេវាព្យាបាល ការតាមដានអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងការដាក់កំហិតចំពោះការប្រមូលផ្ដុំ។

ចំពោះកោះតៃវ៉ាន់ ដែលមានប្រជាជនប្រហែល ២៤លាននាក់ និងនៅជាប់ឆ្នេរភាគខាងកើតចិនដីគោក ត្រូវបានចាត់ទុកជាទីកន្លែងដែលងាយរងគ្រោះបំផុត។ ប៉ុន្តែលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានដាក់ចេញវិធានការបង្ការតាំងពីខែធ្នូ ឆ្នាំ២០១៩ នៅពេលវីរុសកូវីដ១៩ កំពុងផ្ទុះឡើងនៅទីក្រុងអ៊ូហាន ភាគកណ្ដាលចិនដីគោក។ លោកស្រីបានបញ្ជាឱ្យមានការត្រួតពិនិត្យជើងហោះហើរទាំងអស់ ដែលធ្វើដំណើរមកពីទីក្រុងអ៊ូហាន។ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធនឹងជំងឺឆ្លង និងបញ្ជាឱ្យរោងចក្រនានា បង្កើនការផលិតសម្ភារបរិក្ខារពេទ្យ ដូចជា ម៉ាស ហើយដាក់កំហិតលើជើងហោះហើរទាំងអស់ ដែលធ្វើដំណើរមកពីចិនដីគោក ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។ វិធានការទាំងនេះ ធ្វើឱ្យតៃវ៉ាន់ មានអ្នកឆ្លងត្រឹមតែ ៣៩៣ ករណី និងស្លាប់ ៦ករណី គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ ក្រសួងការបរទេសអាមេរិក បានស្នើឱ្យតៃវ៉ាន់ ជាអ្នកសង្កេតការណ៍របស់អង្គការសុខភាពពិភពលោកផងដែរ។

លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់

ប្រទេសអាល្លឺម៉ង់ ដែលមានប្រជាជន ៨៣លាននាក់ រកឃើញអ្នកឆ្លងជាង ១៣ម៉ឺននាក់ តែស្លាប់តិចបំផុត។ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ បានត្រៀមគ្រែជាច្រើនសម្រាប់អ្នកជំងឺកូវីដ១៩ និងបញ្ជាឱ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ។ អ្នកជំនាញផ្នែកសុខាភិបាល បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលវេលារបស់លោកស្រី Merkel ដើម្បីបង្ការទុកជាមុន។

លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់

រីឯប្រទេសនូវែលហ្សេឡង់ ដែលមានប្រជាជនប្រហែល ៥លាននាក់ និងពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យទេសចរណ៍ បានសម្រេចចិត្តផ្អាកវិស័យមួយនេះ ដើម្បីបង្ការទុកជាមុនចំពោះការរាតត្បាតនៃវីរុសកូវីដ១៩។ លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានបិទមិនឱ្យអ្នកដំណើរបរទេសចូលក្នុងប្រទេសខ្លួន កាលពីថ្ងៃទី១៩ ខែមីនា និងប្រកាសបិទប្រទេសទាំងមូលរយៈពេល ១ខែ នៅ៤ថ្ងៃបន្ទាប់។ លោកស្រីបានបញ្ជាឱ្យ មានការធ្វើតេស្តទ្រង់ទ្រាយធំ ហើយរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ចំនួន ១៣០០នាក់ ប៉ុន្តែស្លាប់តែ ៩នាក់ប៉ុណ្ណោះ។

លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់

គេក៏មិនអាចមើលរំលងប្រទេសចំនួនពីរទៀត នៅទ្វីបអឺរ៉ុបដែលជាតំបនកំពុងមានការរាតត្បាតគួរឱ្យបារម្ភ ដែលដឹកនាំដោយស្ត្រី គឺប្រទេសហ្វាំងឡង់ និង អ៊ីស្លង់។ ហ្វាំងឡង់ ដែលដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី Sanna Marin ដែលមានវ័យត្រឹមតែ ៣៤ឆ្នាំ មានអត្រាអ្នកស្លាប់ដោយជំងឺកូវីដ១៩ ត្រឹមតែ ៥៩នាក់ប៉ុណ្ណោះ។ ដោយឡែក លោកស្រី Katrin Jakobsdottir នាយករដ្ឋមន្ត្រីអ៊ីស្លង់ បានដាក់ចេញនូវវិធានការបង្ការទុកជាមុន ដោយការធ្វើតេស្តនៅទូទាំងប្រទេស ការតាមដានអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ និងវិធានចត្តាឡឺស័កចំពោះករណីសង្ស័យ ធ្វើឱ្យប្រទេសនេះ មានអត្រាស្លាប់ទាប ត្រឹមតែ៨នាក់៕

លោកស្រី Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង

You can share this !

Loading...
អត្ថបទទាក់ទង