ប្រជាជន​ឥណ្ឌា អាច​មើលឃើញ​ជួរភ្នំហិមាល័យ​ជាលើកដំបូង ក្រោយ​ច្រើន​ទសវត្សរ៍

ឥណ្ឌា៖ ប្រជាជនឥណ្ឌា ដែលរស់នៅភាគខាងជើង រដ្ឋ Punjab បានមានការភ្ញាក់ផ្អើល បន្ទាប់ពីពួកគេ អាចមើលឃើញជួរភ្នំហិមាល័យ ពីចម្ងាយជាង ១០០ម៉ាយល៍ (ប្រហែល ១៦០គីឡូម៉ែត្រ) ដោយសារតែការថយចុះនៃផ្សែងពុល ដែលបានបំពុលក្នុងបរិយាកាស ក្រោយពីប្រទេសឥណ្ឌា បានចេញវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។

ប្រជាជន ដែលរស់នៅទីក្រុង Jalandhar បានបង្ហោះរូបថត ដែលពួកគេ បានផ្ដិតយកនូវទិដ្ឋភាពភ្នំហិមាល័យ នៅលើបណ្ដាញសង្គម ដោយថតចេញពីទីតាំងផ្ទះរបស់ពួកគេ ហើយបាននិយាយថា ពួកគេ មិនធ្លាប់បានឃើញជួរភ្នំនេះឡើយ ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ។ ពលរដ្ឋឈ្មោះ Manjit Kang បានសរសេរថា៖ "នេះជាលើកទីមួយហើយក្នុងពេល ៣០ឆ្នាំ ដែលខ្ញុំបានឃើញភ្នំហិមាល័យ ដោយសារតែការបិទប្រទេស បានធ្វើឱ្យបាត់អស់នូវខ្យល់ពុល”។

ទិដ្ឋភាពនេះ បានកើតឡើង បន្ទាប់ពីការធ្វើបម្លាស់ទីរបស់ប្រជាជនឥណ្ឌា នៅប៉ុន្មានសប្ដាហ៍នេះ ត្រូវបានផ្អាក ដោយសារតែការបិទទីក្រុង ហើយឧស្សាហកម្មមានផ្សែង ចរាចរណ៍តាមដងផ្លូវ និងការធ្វើដំណើរតាមជើងហោះហើរ ត្រូវបានផ្អាក ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថានឥណ្ឌា កម្រិតនៃខ្យល់ពុល PM10 នៅទីក្រុង Delhi បានថយចុះ ៤៤% នៅថ្ងៃទីមួយនៃការបិទទីក្រុង។ ទន្ទឹមគ្នានេះ ទីក្រុងចំនួន ៨៥ នៅទូទាំងប្រទេសឥណ្ឌា ជារួមមានការបំពុលខ្យល់ថយចុះគួរឱ្យកត់សម្គាល់ ក្នុងសប្ដាហ៍ដំបូងនៃការបិទទីក្រុងនេះ។

គួរបញ្ជាក់ថា លោក នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសបិទប្រទេស កាលពី ២សប្ដាហ៍មុន និងបានដាក់កំហិត មិនឱ្យប្រជាជនចេញពីផ្ទះរបស់ពួកគេឡើយ៕

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង